(ភ្នំពេញ)៖ តារាកំប្លែងស្រីវ័យក្មេង ជាកូនស្រីរបស់អ្នកដឹកនាំកម្មវិធីទូរទស្សន៍ ស៊ីធីអិន លោកសុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ គឺកញ្ញា វ៉ាន់ នីឡា ត្រូវបានគេសម្គាល់ឃើញថា នាងនិងគូស្នេហ៍​សំណព្វចិត្ត កាន់តែមានភាពផ្អែមល្អែមឡើង ខណៈថ្មីៗនេះ តារាកំប្លែង កញ្ញា វ៉ាន់ នីឡា ធ្លាយដំណឹងថា ត្រូវបានគូស្នេហ៍របស់ខ្លួន ទិញផ្ទះវីឡាយ៉ាងស្រស់ស្អាត ជាកាដូ​សម្រាប់នាង ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលអ្នកទាំងពីរក៏នឹងជិតមានដំណឹងរៀបការផងដែរ​។

ជាក់ស្ដែង ថ្មី​ៗ​នេះ​​តារា​កំប្លែង​រូប​ស្រស់​ ​វ៉ាន់​ ​នី​ឡា​ ​បាន​បង្ហាញ​ផ្ទះ​វិឡា ​យ៉ាង​ស្រស់​ស្អាត​មួយ​ ទើប​ទទួល​បាន​ពី​គូស្នេហ៍​ ​ដែលការ​​បង្ហាញ​ផ្ទះ​ថ្មីនេះ​ស្រប​ពេល​ឮដំណឹងថា ​នាង​ត្រៀម​នឹង​ចូល​រោងការ​ នៅក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ បន្ទាប់ពីគ្រួសារទាំងសងខាង បានធ្វើការជួបជុំគ្នា កាលពី​ប៉ុន្មានថ្ងៃមុននេះ​រួចរាល់។​ ​

សម្រាប់កាដូរផ្ទះវីឡា យ៉ាងស្រស់ស្អាតដែលតារាកំប្លែង វ៉ាន់ នីឡា ត្រូវបានគេចាប់អារម្មណ៍ឃើញថា គូស្នេហ៍របស់នាងបានបង្ហាញផ្ទះវីឡាថ្មីនេះ នៅលើគណនីហ្វេសប៊ុករបស់លោក ​អមជាមួយនឹងសារយ៉ាងខ្លី តែមានអត្ថន័យថា «បំពេញបំណងគាត់ហើយ» ដែលបញ្ជាក់ឲ្យឃើញថា អ្វីដែលកញ្ញា វ៉ាន់ នីឡា ចង់បាន គឺគូស្នេហ៍នាង បានបំពេញបំណងនាងហើយ​។

​ប្រិយមិត្តទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ បានកោតសរសើរ កញ្ញា វ៉ាន់ នីឡា មិនទាន់រៀបការផង ស្រាប់តែទទួលបានកាដូ​ពីគូស្នេហ៍ទៅហើយ ដោយកន្លងមក​រូបនាងក៏ធ្លាប់ទទួលបានកាដូរគ្រឿងអលង្ការ ពីអនាគតម្ដាយក្មេករបស់នាង​។ ជាមួយគ្នានេះ ទស្សនិកជនក៏បានជូនពរ​ឲ្យចំណងស្នេហ៍របស់នីឡា និងគូស្នេហ៍សំណព្វចិត្តរបស់នាង ស្រឡាញ់គ្នាជារៀងរហូត និងឆាប់មានដំណឹងរៀបការ​៕