(ស៊ីដនី)៖ ស្ពាន Harbour Bridge នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្ដាលី ត្រូវបានគ្របដណ្ដប់ដោយអ័ព្ទណែនណាន់តាន់តាប់ កាលពី ព្រឹក ថ្ងៃសៅរ៍សប្ដាហ៍មុន ដែលស្ទើរតែបាត់ទិដ្ឋភាពស្ទើរទាំងស្រុងរបស់ស្ពានមួយនេះ ដោយសារតែឥទ្ធិពលនៃអ័ព្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៩។

កាលពីចុងសប្តាហ៍មុនទីក្រុងស៊ីដនីទាំងមូល ពោរពេញទៅដោយការចុះអ័ព្ទ ងងឹតមើលស្ទើរតែមិនឃើញ ដែលជាហេតុបង្ខំឲ្យ ជើងហោះហើរក្នុងស្រុក និងអន្ដរជាតិ នៃអាកាសយាន្តអន្ដរជាតិទីក្រុងស៊ីដនី ត្រូវបានពន្យារពេលហោះហើរ ប្ដូរទិសដៅឬ ត្រូវលុបចោលតែម្ដង។ នៅក្នុងនោះ អាកាសចរណ៍ ដែលរងផលប៉ះពាល់ មានដូចជា Qantas និង Virgin ជាដើម។

គួរជម្រាបថា អ្នកដំណើរជើងហោះហើរអន្ដរជាតិ ត្រូវបានពន្យារពេលកន្លះម៉ោង ខណៈអ្នកដំណើរតាមជើងហោះហើរក្នុងស្រុក បានស៊ូទ្រាំរង់ចាំ រហូតដល់ដល់រយៈពេល២ម៉ោង។ ក្រុមហ៊ុនអាកាសចរណ៍ Qantas និង Virgin បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters (រ៉យទ័រ) ថាពេលនោះ ពួកគេបានលុបចោលជើងហោះហើរមិនដល់៦ជើងឡើយ ហើយនៅម៉ោង ១២:២០ថ្ងៃត្រង់ (ម៉ោងនៅក្នុងទីក្រុងស៊ីដនី) ការធ្វើប្រតិបត្តិការក៏បានវិលត្រឡប់ទៅដូចដើមវិញ៕