(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ហើយ នូវកេរ្តិ៍ឈ្មោះរបស់ មាន សូនីតា ដែលជាតារាសម្ដែងស្រីមួយដួងមានប្រជាប្រិយភាព និងមានទស្សនិកជនជាច្រើន បានដាក់រហស្សនាមថាជា «រាជនីក្រមា» ខណៈដែលតារាសម្ដែងស្រីរូបនេះតែងតែមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការយកក្រមាខ្មែរ ទៅកែច្នៃជាសម្លៀកបំពាក់ និងរ៉ូបស្អាតជាច្រើន ដែលមានការគាំទ្រខ្លាំងរហូតធ្វើឲ្យនាងបើកហាងធ្វើជំនួញផ្ទាល់ខ្លួន​។

យ៉ាងណាមិញថ្មីៗនេះ តារាសម្ដែង​ មាន សូនីតា កាន់តែធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ថែមទៀត បន្ទាប់ពីនាងបាន​បញ្ចេញនូវបទចម្រៀងមួយបទ ​មានចំណងជើងថា «Crush អូន» ​ធ្វើឲ្យមហាជន​គិតថា ក្រៅពីមានទេពកោសល្យសម្ដែង​ដ៏ល្អហើយនោះ គេមិនដឹងសោះថា​ មាន សូនីតា ក្លាយជាតារាចម្រៀងតាំងពីពេលណា?

ជាក់ស្ដែង​កាលពីថ្មីៗនេះ រាជនីក្រមា ​មាន សូនីតា បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនពេញចិត្ត ទៅលើស្នាដៃចម្រៀងថ្មីរបស់នាង មានចំណងជើងថា «Crush អូន» ដែលជាបទ Original song ពោលគឺរាជនីក្រមារូបនេះ បានបង្ហើរសំនៀងយ៉ាងពីរោះរណ្ដំ ជាមួយនឹងសំឡេងដ៏ស្រទន់ ជាពិសេសនោះគឺការសម្ដែងក្នុង MV រឹតតែធ្វើឲ្យទស្សនិកជន មានការកោតសរសើរនូវសមត្ថភាព របស់នាងយ៉ាងខ្លាំង។

ជាមួយគ្នានេះ តាមរយៈបទចម្រៀង «Crushអូន» របស់តារាសម្ដែង មាន សូនីតា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងការគាំទ្រខ្លាំងពីទស្សនិកជន ខណៈដែលនេះជាលើកទី១ ហើយ ដែលស្រីស្រស់រូបនេះ បានបញ្ចេញនូវបទចម្រៀង ក៏ដូចជាបកស្រាយបានយ៉ាងពីរោះ ខណៈកន្លងមក គេធ្លាប់តែឃើញនាង​សម្ដែងក្នុងបទចម្រៀង និងខ្សែភាពយន្តតែប៉ុណ្ណោះ។

តោះចង់ដឹងថា បទចម្រៀង «Crush អូន» កញ្ញា មាន សូនីតា បកស្រាយ បានពីរោះយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ និងទស្សនាទាំងអស់គ្នា ៖