(បរទេស)៖ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន តារាចម្រៀងដ៏ល្បី Justin Bieber បានបបួលតារាសម្ដែង Tom Cruise ឡើងសង្វៀនវ៉ៃក្នុងទ្រុង UFC ដើម្បីដោះស្រាយ​បញ្ហាមួយ ដែលលោកមិនបានបង្ហើបឲ្យដឹងនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

Justin Bieber បានរៀបរាប់នៅក្នុងបណ្ដាញ Twitter ថា «ខ្ញុំចង់ប្រកួតជាមួយ Tom Cruise នៅក្នុងទ្រុង។ Tom ប្រសិនបើអ្នកមិនហ៊ានឡើងវ៉ៃ មានន័យថា អ្នកខ្លាច ហើយនោះគឺជារឿងដ៏អាម៉ាសបំផុត។ តើអ្នកហ៊ានឡើងប្រកួតទេ? @danawhite? (@danawhite គឺជាគណនី Twitter របស់លោក Dana White ដែលជាប្រធានសហព័ន្ធអ្នកប្រដាល់ UFC)»

ក្រោយពេលតារាវ័យ ២៥ឆ្នាំ ដែលមានកម្ពស់ ១.៧៥ម៉ែត្ររូបនេះ ធ្វើការបង្ហោះក៏មានបណ្ដាអ្នកគាំទ្រជាច្រើន បានធ្វើការបែងចែងជា ២ក្រុម មួយគឺជាក្រុមរបស់ Justin Bieber ហើយមួយក្រុមទៀត Tom Cruise។ ប្រសិនបើ Tom Cruise យល់ព្រមទទួលការប្រកួតនេះ McGregor នឹងយល់ព្រមរៀបចំការប្រកួតនេះ (ធ្វើជាម្ចាស់ផ្ទះ)។ យ៉ាងណាមិញ Tom Cruise មិនទាន់ធ្វើការឆ្លើយតបជាមួយសំណើ Justin Biebe របស់ខ្លួននៅឡើយទេ៕