(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៤ (24th AUSC Meeting) ដោយកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង បានដំណើរការផ្លូវការហើយ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ ក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ហើយលោកបានចាត់ទុកនេះគឺជាមោទនភាពដ៏ធំធេង ដែលកើតឡើងក្រោមម្លប់សន្ដិភាព ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងនាមតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រធាន អនុប្រធាន សមាជិកនៃក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងប្រតិភូតំណាងប្រទេសសមាជិកក្នុងតំបន់អាស៊ាន។ លោកថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីតានដាន ក៏ដូចជាប្រជុំបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅថ្មីជូនសមាជិករបស់ AUSC ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងសមាជិកនៃប្រទេសក្នុងតំបន់អាស៊ានផងដែរ។

បន្ថែមលើនេះ លោករដ្ឋលេខាធិការក្រសួងអប់រំដដែលបានបញ្ជាក់ថា «នេះជាមោទនភាពដ៏ធំធេងណាស់ ដោយអាស្រ័យលើកំណើនសេដ្ឋកិច្ចរីកចម្រើនដ៏រឹងមាំ និងក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលដឹកនាំយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ»

គួរដឹងដែរថា កិច្ចប្រជុំ 24th AUSC Meeting គ្រោងធ្វើឡើង ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែមិថុនា។ បន្ទាប់ពីចប់ ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងប្រតិភូតំណាងប្រទេសសមាជិក ១១ប្រទេស ក៏មានគម្រោងធ្វើដំណើរទស្សនកិច្ច នៅសារៈមន្ទីរជាតិ និងតំបន់ទេសចរណ៍មួយចំនួនជុំវិញរាជធានីភ្នំពេញ មុនធ្វើដំណើរនិវត្តន៍ចាកចេញពីប្រទេសកម្ពុជាផងដែរ៕