(ភ្នំពេញ)៖ កញ្ញា ប៊ី សុធារី ដែលត្រូវបានគេដឹងថា ជាបវរកញ្ញាកម្ពុជា ឆ្នាំ ២០១៦ និងជាបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៨ ថ្មីៗនេះ នាងទទួលបានការចាប់អារម្មណ៍ពីសំណាក់សិល្បករបរទេសជាច្រើន ក្នុងដំណើរធ្វើជាតារាម៉ូដែលតំណាងកម្ពុជា ទៅទទួលពានរង្វាន់ក្នុងកម្មវិធី «Asia model festival» 2019 នៅទីក្រុង Seoul ប្រទេសកូរ៉េ។ ការចូលរួមក្នុងកម្មវិធីលើកនេះ កញ្ញា ប៊ី សុធារី មិនមែនទៅប្រកួតដូចលើកទី១នោះទេ ពោលគឺនាងទៅធ្វើជាគណៈកម្មការក្នុងកម្មវិធី និងធ្វើជាតារាម៉ូដែលតំណាងកម្ពុជា ដើម្បីទទួលពានរង្វាន់ក្នុងកម្មវិធី។

ជាក់ស្តែង ក្នុងដំណើរទៅកូរ៉េជាលើកទី២ របស់កញ្ញា ប៊ី សុធារី កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗនេះ ត្រូវបានមហាជនទូទៅសង្កេតឃើញថា នាងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់តារាសម្តែងតារាចម្រៀង ជនជាតិកូរ៉េ និងចិន។ ក្នុងនោះនាងបានបង្ហាញភាពរួសរាយ ស្និតស្នាលទៅកាន់ក្រុមតារាកូរ៉េដ៏ល្បី Wanna One ព្រមទាំងបានថតរូបជុំគ្នាជាមួយតារាចិនហុងកុងល្បីៗជាច្រើនរូបផងដែរ។

ទាក់ទងនឹងការចេញទៅកូរ៉េរបស់ កញ្ញា ប៊ី សុធារី ពេលនេះ បើយោងតាមលោក ម៉ែន និមលរតន៍ អ្នកទទួលបន្ទុកផ្នែកបញ្ចូនតារាម៉ូដែលខ្មែរ ចូលរួមកម្មវិធីនៅបរទេស បានថ្លែងប្រាប់ Fresh News ថា គោលដៅដែលកញ្ញា ប៊ី សុធារី ទៅកូរ៉េលើកនេះ គឺតបតាមការអញ្ជើញរបស់ភាគីកូរ៉េ ដើម្បីធ្វើជាតារាម៉ូដែលតំណាងកម្ពុជា ទៅទទួលពានរង្វាន់ ក្នុងកម្មវិធី «Asia model festival» ពោលគឺមិនមែនចេញទៅប្រកួតនោះទេ។ លើសពីនេះ កញ្ញា ប៊ី សុធារី ក៏ត្រូវបានគេអញ្ជើញឲ្យធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រកួតថ្ងៃទី១​ មានឈ្មោះថា «Face of Asia»។

លោក ម៉ែន និមលរតន៍ បន្តថា នេះគឺជាលើកទី២ហើយ សម្រាប់កញ្ញា ប៊ី សុធារី ក្នុងការតំណាងកម្ពុជា ទៅចូលរួមក្នុងកម្មវិធី «Asia model festival» ខណៈលើកទី១ គឺទៅអំឡុងឆ្នាំ ២០១៣ ក្នុងនាមជាបេក្ខនារីប្រកួតក្នុងកម្មវិធី «Face of Asia» តែមិនទទួលលទ្ធផលល្អនោះទេ និងលើកទី២ ក្នុងឆ្នាំ ២០១៩នេះ គឺចេញទៅ ដើម្បីទទួលពានរង្វាន់ផ្នែកម៉ូដែល និងធ្វើគណៈកម្មការក្នុងកម្មវិធី «Face of Asia» 2019។

គួរជម្រាបថា កម្មវិធី «Asia model festival» 2019 ត្រូវបានធ្វើឡើងនៅទីក្រុង Seoul ប្រទេសកូរ៉េ ដោយមានការចូលរួមពីបណ្តាប្រទេសជាង២០ ក្នុងតំបន់អាស៊ី ខណៈឆ្នាំ២០១៩នេះ គឺជាលើកទី១៥ហើយ សម្រាប់កម្មវិធីដ៏ធំមួយនេះ។ លោក ម៉ែន និមលរតន៍ បានធ្វើការផ្តាំផ្ញើរទៅកាន់មហាជនថា សូមឲ្យជួយគាំទ្រក្រុមតារាម៉ូដែលខ្មែរទាំងអស់ មិនថាកម្មវិធីក្នុង ឬក្រៅប្រទេសនោះទេ ព្រោះការចេញទៅប្រកួតនៅក្រៅស្រុកនីមួយៗ មិនត្រឹមតែបង្ហាញរូបសម្រស់នៅលើឆាកអន្តរជាតិនោះទេ ថែមទាំងបង្ហាញសមត្ថភាព ចំណេះដឹង ប្រពៃណីខ្មែរ ឲ្យបរទេសបានស្គាល់កាន់តែច្បាស់ផងដែរ៕