(សៅប៉ូឡូ)៖ ក្រុមម្ចាស់ផ្ទះប្រេស៊ីល នឹងបើកទ្វារកីឡដ្ឋាន Estadio do Morumbi ស្ថិតក្នុងទីក្រុង Sao Paulo ជាទីដែលបើកសម្ពោធព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2019 ទល់នឹងក្រុមភ្ញៀវបូលីវី (Bolivia) នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះតែម្តង។

អតីតម្ចាស់ជើងឯកពានរង្វាន់ប្រចាំតំបន់អាមេរិកខាងត្បូង (ឡាទីន) ៣សម័យកាលនេះ នឹងត្រូវប្រកួតបើកឆាកមុនគេ ចេញដំណើរក្នុងវគ្គសន្សំពិន្ទុនៃពូល A ទល់នឹងបូលីវី វេណាហ្សូអេឡា និងប៉េរូ មុនពេលពូលផ្សេងទៀត B និងពូល C ចាប់ផ្តើមបន្តបន្ទាប់ទៀតចាប់ពីថ្ងៃទី១៥ និងបញ្ចប់ទៅវិញនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ដែលមានការផ្សាយបន្តផ្ទាល់ផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MYTV & CNC តែមួយគត់ ដោយមាន ១២ប្រទេសចូលរួម ក្នុងនោះមាន ១០ប្រទេសស្ថិតនៅ CONMEBOL និង ២ក្រុមទៀត កាតា និងជប៉ុន ចេញពី AFC។

ទាំង ១២ក្រុមដែលត្រៀមប្រយុទ្ធគ្នាលើវាលស្មៅ ដើម្បីប្រជែងយកពានរង្វាន់ Copa America 2019 លើកទី៤៦ នោះរួមមាន ប្រទេសប្រេស៊ីល (ម្ចាស់ផ្ទះ) បូលីវី វេណេហ្សូអេឡា ប៉េរូ អាហ្សង់ទីន កូឡុំប៊ី ប៉ារ៉ាហ្គាយ អ៊ុយរ៉ាហ្គាយ អេក្វាទ័រ ឈីលី កាតា និងជប៉ុន។

គួរបញ្ជាក់ផងថា ក្រុមបាល់ទាត់ជម្រើសជាតិឈីលី ដែលមានកីឡាករសំខាន់ Arturo Vidal និង Alexis Sanchez នោះ គឺជាក្រុមការពារតំណែងជើងឯក ក្រោយយកឈ្នះក្រុមរបស់ Lionel Messi អាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ ២សម័យចុងក្រោយនេះ៕