(ភ្នំពេញ)៖ លោក កែវ ណារិន គ្រូបង្វឹកក្រុម Khmer United-A និងក្រុម Khmer United-U22 បានសម្ដែងការសោក ស្ដាយជាខ្លាំង បន្ទាប់ពីលោកមិនអាចដឹងនាំក្រុមប្រជែងពាន Keller Williams Cambodia League រដូវកាលទី៨ ឆ្នាំ ២០១៩ ខណៈឱកាសលើកពាន កំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុម ISI United។ ប៉ុន្ដែលោកបានរីករាយរឿងមួយ ក្រោយ កីឡាករក្រុម Khmer United-U22 មួយចំនួន ត្រូវបានក្លឹបធំៗក្នុងលីគកំពូលកម្ពុជាចាប់អារម្មណ៍។

អតីតគ្រូបង្វឹកក្រុមស៊ីម៉ាក់រូបនេះបានបញ្ជាក់ថា លោកពិតជាមានការសោកស្ដាយ បន្ទាប់ពីក្រុមខ្លួន បានរបូតឱកាសប្រជែងពាន។ ប៉ុន្ដែមានហេតុផលមួយចំនួនបានធ្វើឲ្យលោកបាត់បង់ឱកាសទាំងមិនអស់ចិត្ត ដោយសារកីឡាករមិនសូវមានឱកាសហ្វឹកហាត់ ឬលេងជុំគ្នាច្រើន។ លោកថា «កីឡាករខ្លះ គាត់ជាប់ធ្វើការ ខ្លះរវល់ការងារផ្សេងៗ មិនសូវបានហាត់ជុំគ្នា ឬមកលេងជាដើម...។ ចឹងខ្ញុំសោកស្ដាយ បើបានហាត់ជុំគ្នា ឬមកលេងដិតដល់ ក៏ខ្ញុំអស់ចិត្តដែរ»

ប៉ុន្ដែទោះជាបែបនេះក្ដី លោកបានសម្រេចក្ដីស្រមៃមួយ ជាមួយថ្នាក់ដឹកនាំក្រុម គឺលោកបណ្ឌិត គីម ហ៊ាង បន្ទាប់ពីបង្កើតឲ្យមានក្រុម Khmer United-U22 ហើយចូលរួមប្រកួតពាននេះ ហើយនាឆ្នាំក្រោយ ក្រុមទាំងពីរ (Khmer United-A និង Khmer United-U22) អាចនឹងត្រូវច្របាច់បញ្ចូលគ្នាជាក្រុមតែមួយ ដើម្បីប្រកួតប្រជែងពាន Keller Williams Cambodia League និងពានរង្វាន់ផ្សេងៗកាន់តែមានប្រសិទ្ធភាពទៀតផង។

លោកថា «Khmer United-U22 យើងឆ្នាំនេះ ដ្បិតនៅក្មេងខ្ចី តែពួកគាត់រីកចម្រើនច្រើន ហើយការបង្កើតធនធានកីឡាករខ្លួនឯងនេះ ខ្ញុំជឿថា នឹងក្លាយជាក្រុមមួយដ៏ល្អនារដូវកាលក្រោយ ដើម្បីប្រកួតប្រជែង ដោយមិនបាច់ខ្ចីកីឡាករគេ ព្រោះពួកគាត់មានសមត្ថភាពអាចលេងបាន។ មិនតែប៉ុណ្ណោះកាលពេលថ្មីៗ ខ្ញុំបានបញ្ជូនកីឡាករ ២នាក់រួមមាន ស៊ូ សាម៉ាន់ និង សំណាង រិទ្ធី ទៅលេងឲ្យក្រុមយុវជន U18 របស់ណាហ្គាវើលផងដែរ»

គួរបញ្ជាក់ថា ពាន KW Cambodia League មកទល់ពេលនេះ សល់តែ ២សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងរកឃើញក្រុមជើងឯកលីគ។ ប៉ុន្ដែចំពោះចំណាត់ថ្នាក់បណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី១៣ ក្រុម ISI United កំពុងឈរកំពូលតារាងមាន ៣៧ពិន្ទុ តាមពីក្រោយដោយក្រុម Avatar មាន ៣៦ពិន្ទុ និងក្រុម Khmer United-A ឈរលេខ៣ មាន ៣២ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុម Sniper ៤-១។ រីឯក្រុម Riel PP ឈរលេខ៤ មាន ៣១ពិន្ទុ និងក្រុម Bayon Wanderers មាន ២៥ពិន្ទុ ឈរលេខរៀងទី៥ ក្នុងចំណោម ១៦ក្រុម៕