(ភ្នំពេញ)៖ ក្នុងខណៈក្រុមជម្រើសជាតិកម្ពុជា កំពុងត្រៀមខ្លួនប្រកួតទល់នឹងប៉ាគីស្ថាន ជើងទី២ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) កីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន មានការប្តេជ្ញាចិត្តខ្ពស់សម្រាប់ការប្រកួតរាត្រីនេះ។

ខ្សែបម្រើកណ្តាលរូបនេះបាននិយាយថា «ទោះបីជាការប្រកួតជើងទី១ បានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែចំពោះខ្ញុំផ្ទាល់គឺមិនទាន់មានភាពកក់ក្តៅនៅឡើយទេ ព្រោះបាល់ទាត់តែងតែមានភាពប្រែប្រួលជានិច្ច ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្ន»

ទាក់ទងនឹងផលវិបាកសម្រាប់ក្រុមក្នុងការប្រកួតជើងទី២ នៅទីក្រុងដូហា ប្រទេសកាតានេះ កីឡាកររូបនេះបានបញ្ជាក់ថា «យើងមានផលវិបាកមួយចំនួនទាក់ទងទៅនឹងបញ្ហាអាកាសធាតុ ព្រោះនៅទីនេះក្តៅខ្លាំង មួយវិញទៀត ចំពោះបញ្ហាពេលវេលាក៏ពួកយើងមិនទាន់ទម្លាប់បាននៅឡើយទេ»

ទោះបីជាយ៉ាងក៏ដោយ ប្រសិនបើខ្ញុំបានលេង៩០នាទីដូចជើងទី១ នោះ ខ្ញុំនឹងខំប្រឹងឲ្យបានខ្លាំងក្លាដើម្បីប្រទេសជាតិយើង ព្រោះក្រុមរបស់យើងក៏មានការប្តេជ្ញាចិត្តខ្ពស់ដូចគ្នាសម្រាប់ការប្រកួតនេះដែរ៕