(បរទេស)៖ បច្ចុប្បន្នមានបណ្តាប្រទេសមួយចំនួន បាននឹងកំពុងតែរៀបចំកម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព ជ្រើសរើសបវរកញ្ញាដែលលេចធ្លោរជាងគេ ដើម្បីធ្វើជាតំណាងប្រទេសរបស់ខ្លួន នៅលើឆាកអន្តរជាតិ ដោយក្នុងនោះក៏មានប្រទេសមួយចំនួន បានជ្រើសរើសរួចរាល់ហើយដែរ ដូចជាកម្ពុជា មានកញ្ញា សំណាង អេលីណា ជា បវរកញ្ញា ចក្រវាលកម្ពុជា ២០១៩នេះ ជាដើម។ យ៉ាងណាមិញ ងាកមកប្រទេសហ្វីលីពីន ឯណោះវិញ ក៏បានជ្រើសរើសរួចរាល់ហើយដែរ។ បន្ទាប់ពីពីឆ្លងកាត់ការជម្រុះជាច្រើនវគ្គ ទីបំផុត កញ្ញា Gazini Christiana Ganados ទទួលតំណាង ជាបវរកញ្ញា ចក្រវាលហ្វីលីពីន ហើយនាងនឹងមានតួនាទីទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី «Miss Universe»។

ជាការពិត កញ្ញា Gazini Christiana Ganados ត្រូវបានគេដឹងថា ជាកូនកាត់ហ្វីលីពីន-ប៉ាឡេស្ទីន មានវ័យ ២៣ឆ្នាំ មកពី Cebu។ តារាម៉ូដែលស្រីសម្រស់សោភារបស់ហ្វីលីពីនដួងនេះ បានចាប់យកអាជីពជាតារាម៉ូដែល តាំងពីអាយុ ១៥ឆ្នាំមកម្ល៉េះ។ អំឡុងពេលជិត១០ឆ្នាំ នៃអាជីពនេះ Gazini Christiana Ganados បានឈ្នះពានរង្វាន់ក្នុងកម្មវិធី «Milo Little Olympics» 2011, ទទួលចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធិ «Reyna ng Aliwan» 2015 , ជាបវរកញ្ញា »Cesafi» 2016 និង និងបានចូលរួមប្រកួតក្នុងកម្មវិធី «Miss Bohol» 2017 ប៉ុន្តែមិនទទួលជយជំនះ។

យ៉ាងណាមិញ កាលពីរាត្រីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នាងបានទទួលជយជំនះក្នុងកម្មវិធី «បវរកញ្ញា ចក្រវាលហ្វីលីពីន» ឆ្នាំ២០១៩ ដែលបំពាក់មកុដដោយ Miss Universe 2018 កញ្ញា Catriona Gray។ ក្រោយទទួលតំណែងនេះ កញ្ញា Gazini Christiana Ganados នឹងត្រៀមខ្លួនក្នុងការចេញទៅបង្ហាញសមត្ថភាពលើឆាកអន្តរជាតិក្នុងកម្មវិធី «Miss Universe» 2019៕