(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្តែងស្រីរាងខ្ពស់ស្រឡះ កញ្ញា នៅ ដាណា កាលពីសប្តាហ៍មុនបានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News និងបានបកស្រាយនូវប្រវត្តិសិល្បៈរបស់ខ្លួនជាច្រើន។ ក្នុងចំណោមនោះ នាងបានទម្លាយថា កាលពីប្រឡូកសិល្បៈដំបូង ចាប់អាជីពជាតារាចម្រៀង ធ្លាប់មានម្ចាស់ផលិតកម្មមួយ តែមិនមែនជាផលិតកម្មល្បីនោះទេ ចង់ឲ្យនាងដោះដូរខ្លួនប្រាណ ជំនួសភាពល្បីល្បាញ ប៉ុន្តែត្រូវបាននាងបដិសេធ។

ថ្លែងប្រាប់ទស្សនិកជនឲ្យដឹងតាមការផ្សាយផ្ទាល់របស់ ទូរទស្សន៍ Fresh News នៅថ្ងៃសៅរ៍សប្តាហ៍មុន កញ្ញា នៅ ដាណា បាននិយាយថា កាលដែលខ្លួនចូលសិល្បៈដំបូង គឺចាប់យកអាជីពជាអ្នកចម្រៀងធម្មតា តែមិនទាន់ល្បីល្បាញមានបទខ្លួនឯងចម្រៀងនោះទេ។ ក្រោយមកក៏បានថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុននានា ដ៏ល្បីតៗគ្នារហូតមក ហើយស្រាប់តែមានផលិតកម្មមួយចាប់អារម្មណ៍នាងឲ្យទៅច្រៀង និងធ្វើជាតារាប្រចាំផលិតកម្មរបស់ខ្លួន។ នាងថា ពេលនោះក៏សប្បាយចិត្តណាស់ដែរ ព្រោះខ្លួនមិនទាន់ល្បី ហើយមានអ្នកជួយជ្រោមជ្រែងបែបនេះ។ តែយ៉ាងណា នាងហាក់មិនទាន់សម្រេចចិត្តច្បាស់ទេ ព្រោះផលិតកម្មមួយនោះមិនល្បី តែពេលឮថាមានការប្រគុំតន្រ្តីនៅតាមខេត្ត អាចឲ្យនាងទៅច្រៀងបាន ក៏ចាប់អារម្មណ៍ឡើងវិញ ព្រោះគិតថាបើទៅច្រៀងនៅខេត្ត ប្រៀបបានជាផ្លូវមួយឲ្យមហាជនស្គាល់ច្រើន។ ខុសពីការគិត មិនទាន់បានទៅច្រៀងផង ស្រាប់តែម្ចាស់ផលិតកម្ម ហៅទៅដើរលេងជាមួយតែពីរនាក់ ២ទៅ៣យប់សិន ដែលចំណុចនេះ ធ្វើឲ្យនាងយល់មួយរំពេច ថាពិតជាមិនមែនការជួយដោយស្មោះនោះទេ ហើយក៏បដិសេធតែម្តង។

បន្ថែមពីនេះ តារាស្រីវិវត្តន៍ខ្លួនពីតារាចម្រៀង ទៅជាតារាសម្តែងដ៏មានប្រជាប្រិយភាព នៅ ដាណា បានឲ្យដឹងថា ទាក់ទងនឹងការដោះដូរខ្លួនប្រាណ ដើម្បីជំនួសភាពល្បីល្បាញ ឬទទួលបានតំណែងធំក្នុងភាពយន្ត គឺមានភាគតិចណាស់ តែបើក្នុងចំណោម ១០០ មានម្នាក់ដោះដូរដើម្បីល្បីបែបនេះ គឺមហាជនគិតថាទាំងអស់តែម្តង ដូចពាក្យចាស់ពោលថា «ត្រីមួយកន្រ្តក់ស្អុយមួយ ស្អុយទាំងអស់»។

តារាស្រីដួងនេះ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នមានតារាភាពយន្តច្រើនណាស់ មានទាំងរូបសម្រស់ សមត្ថភាព និងទេពកោសល្យ ដូច្នេះហើយបើនិយាយពីការដោះដូរ ដើម្បីល្បី គឺមានភាគតិចណាស់ ព្រោះគេគិតថា សមត្ថភាព រូបសម្បតិ្តមានហើយ ចំបាច់ទៅត្រូវយកខ្លួនប្រាណទៅដោះដូរបែបនេះ។ តែយ៉ាងណា ក៏មិនមែនអត់នោះដែរ គឺមានតែភាគតិច។ និយាយដល់ចំណុចនេះ ដាណា បានធ្វើការសំណូមពរដល់សិល្បករ ដែលដោះដូរខ្លួនប្រាណដើម្បីល្បីថា បើឈប់បានសូមបញ្ឈប់ទៅ តែបើស្រឡាញ់គ្នាស្មោះ ចិត្តនិងចិត្ត ក៏តាមហ្នឹងទៅ។

គួរជម្រាបថា នៅ ដាណា ថ្លែងបែបនេះ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News បន្ទាប់ពីពិធីករ-ពីធីការិនី ជីកសួរពីការយល់ឃើញរបស់នាង ក្នុងប្រធានបទក្តៅដែលទស្សនិកជនចង់ដឹងខាងលើនេះ។ ដូច្នេះចង់ដឹងថានាងបកស្រាយអ្វីបន្ថែមនោះ សូមទស្សនាវីដេអូខាងក្រោម៖