(ភ្នំពេញ)៖​ ដោយសារលីគកំពូលកម្ពុជា ត្រូវបានសម្រាកការប្រកួត ១សប្ដាហ៍ ស្របពេលក្រុមជម្រើសជាតិកម្ពុជា កំពុងបំពេញបេសកកម្មប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ក្លឹបអង្គរថាយហ្គឺរ ក៏បានយកឱកាសនេះ រៀបចំកម្មវិធីសប្បុរសធម៌ចំនួន ២ លើទឹកដីខេត្តសៀរមាប គឺកម្មវិធី Football Clinic និងកម្មវិធីបរិច្ចាគស្បែកជើងដល់ក្រុមបាល់ទាត់ពិការភ្នែក ។

ក្លឹបកំពុងឈរលេខរៀងទី៣ នៃលីគកំពូលកម្ពុជានេះ បានឲ្យដឹងថា កម្មវិធី Football Clinic រៀបចំឡើងក្រោមកិច្ចសហការជាមួយដៃគូឧបត្ថម្ភខ្លួន ដោយមានសិស្សានុសិស្សនៃវិទ្យាល័យពួក ចំនួន ៤១នាក់ចូលរួមកម្ម ។ ក្នុងនោះក្រុមការងារគ្រូ និងកីឡាករ ក៏បានចូលរួមបង្ហាត់បង្ហាញនូវបច្ចេកទេស និងរបៀបលេងបាល់ទាត់ដល់ក្មេងៗទាំងនោះ ដែលធ្វើឲ្យកម្មវិធីបញ្ចប់ទៅដោយភាពសប្បាយរីករាយ ។

ក្រោយចប់កម្មវិធី Football Clinic ១ថ្ងៃ ពោលគឺកាលពីថ្ងៃអាទិត្យម្សិលមិញ ក្លឹបបានបន្ដបរិច្ចាគស្បែកជើងបាល់ទាត់ ទៅឲ្យក្រុមបាល់ទាត់ពិការភ្នែក នៅខេត្តសៀមរាប ដែលគាំទ្រដោយអង្គការបារាំង «Soulcial Trust» គ្រាដែលពួកគេ កំពុងត្រៀមខ្លួនចូលរួមការប្រកួតជាមួយក្រុមមួយ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំនេះ ។ ពួកគេសុទ្ធតែជាចូលចិត្តបាល់ទាត់ ហើយមានក្មេងៗច្រើនជាង ១០នាក់ បានហ្វឹកហាត់ជារៀងរាល់ថ្ងៃច័ន្ទ, ពុធ និងថ្ងៃសុក្រទៀតផង ។

សូមបញ្ជាក់ថា ក្លឹបអង្គរថាយហ្គឺរ បច្ចុប្បន្នត្រូវបានគេចាត់ទុកជាក្លឹបជោគជ័យមួយ ដែលមានអ្នកគាំទ្រច្រើនជាងគេ ។ អ្វីដែលពិសេសរាល់រដូវវិសមកាល ពួកគេតែងរៀបចំកម្មវិធីសប្បុរសធម៌ផ្សេងៗ តាមរយៈសកម្មភាពបាល់ទាត់ ពិសេសក្នុងខេត្តសៀមរាបផ្ទាល់តែម្ដង ។ ចំពោះចុងសប្ដាហ៍នេះ ពួកគេនឹងត្រូវជួបក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃទី១៦ ខែមិថុនា បន្ទាប់ពីលីគកំពូលកម្ពុជា សប្ដាហ៍ទី១១ ត្រឡប់មកវិញ៕