(ភ្នំពេញ)៖ ទស្សនិកជនចាប់អារម្មណ៍គ្រប់គ្នា ខណៈតារាចម្រៀង និងជាសម្តែងស្រី ដែលត្រូវបានមហាជនដឹងថា ជាដៃគូដ៏សក្តិសមរបស់លោក នីកូ គឺកញ្ញា ពេជ្រ សូលីកា ត្រូវបានផលិតកម្មហង្សមាសសម្រេចជាផ្លូវការហើយ ក្នុងការបញ្ចូលវត្តមាននាង ឲ្យធ្វើជាតារាចម្រៀង ប្រចាំផលិតកម្មរបស់ខ្លួន។ អ្វីដែលពិសេស ការហក់មកជ្រកក្រោមទ្រនំថ្មីនេះ ក៏ត្រូវបានអ្នកតាមដានសិល្បៈដឹងថា ស្របពេលដែលតារាស្រីរូបនេះ ទទួលតំណែងជាតួឯកស្រីនៅក្នុងរឿងភាគថ្មីមួយ របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលមានចំណងជើងថា «អាពាហ៍ពិពាហ៍ចៃដន្យ» ដែលនឹងត្រៀមចាក់បញ្ចាំងឆាប់ៗនេះ។

ការទទួលបានដំណឹងនេះ បន្ទាប់ពីក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្មយក្សប្រចាំប្រទេស រស្មីហង្សមាស បានចេញវីដេអូមួយ ប្រកាសថា ពេជ្រ សូលីកា គឺជាតារាចម្រៀងថ្មីប្រចាំផលិតកម្មរបស់ខ្លួន។ តាមរយៈវីដេអូនោះ ពេជ្រ សូលីកា បានប្រកាសដល់ទស្សនិកជនថា «សួស្តី! ហ្វេនៗជាទីស្រឡាញ់​របស់នាងខ្ញុំទាំងអស់គ្នា នាងខ្ញុំពេជ្រ សូលីកា គឺជាតារាចម្រៀងថ្មី ប្រចាំផលិតកម្មហង្សមាស»

យ៉ាងណាមិញ ក្រៅពីភ្ញាក់ផ្អើលនូវដំណឹងនេះ អ្វីដែលទស្សនិកជនគ្រប់គ្នាកំពុងតែអន្ទះសារ ចង់ដឹងបន្តទៀតនោះ គឺនៅវេលាម៉ោង ៧​៖០០ យប់នេះ ផលិតកម្មហង្សមាស នឹងបញ្ចេញស្នាដៃដំបូងពេជ្រ សូលីកា ដែលមិនទាន់ដឹងនោះទេថាតើ ជាចម្រៀង ឬក៏ភាពយន្តដែលនាងសម្តែងជាតួ​ឯក៕