(ក្រុងអារ៉េស)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi បានបំប៉ោងសំណាញ់ទី ២គ្រាប់ក្នុងជ័យជម្នះដែលក្រុមជម្រើសជាតិពពកស អាហ្សង់ទីបំបាក់ក្រុមភ្ញៀវនីការ៉ាហ្គ័រ (Nicaragua) ក្នុងលទ្ធផល ៥-១ ក្នុងជំនួបមិត្តភាពអន្តរ ជាតិនាថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩ នេះ។

អតីតម្ចាស់ពាន Ballin d’Or ៥សម័យកាល បានបើកនាំមុខ ក៏ដូចជារកបានគ្រាប់ទី១ របស់ខ្លួននៅនាទី៣៦ និងរំលង បានតែ ២នាទីប៉ុណ្ណោះក្នុងការរកបានគ្រាប់ទី២ របស់គេនៅនាទី៣៨ ដែលជាការចាប់ផ្តើមទម្រង់លេងដ៏ល្អក្នុងជម្រើស ជាតិអាហ្សង់ទីន ដែលជាការប្រកួតកំដៅសាច់ដុំមុនចាប់ផ្តើមលេងពានរង្វាន់ប្រចាំតំបន់ Copa America 2019 នាថ្ងៃទី១៤ ខែមិថុនា នៅប្រទេសប្រេស៊ីល។

យ៉ាងណាក៏ដោយ កីឡាករខ្សែប្រយុទ្ធមកពីក្លឹបអេស្ប៉ាញ FC Barcelona ត្រូវបានប្តូរចេញវិញនៅនាទី៤៦ ដើមវគ្គទី២ ដោយបានជំនួសមកវិញដោយមិត្តរួមក្រុម Paulo Dybala មកពីក្លឹបអ៊ីតាលី Juventus មុនពេលបន្ថែម ៣គ្រាប់ទៀតពី ការធ្វើបានសម្រេចដោយកីឡាករ Martinez ២គ្រាប់ និងមិត្តរួមក្រុម Pereyra មុនពេលរបូត ១គ្រាប់ប៉ុណ្ណោះនៅនាទី ៩០+៤ ដោយបាល់ប៉េណាល់ទី៕