(កូរ៉េខាងត្បូង)៖ អតីតតារាប្រុសកូរ៉េ Jung Joon Young និង Choi Jong Hoon បុរសទាំងពីររូបនេះ នឹងត្រូវប្រឈមចោទប្រកាន់ពីការរំលោភបូក ដោយតុលាការនៅកណ្ដាលទីក្រុងសេអ៊ូល បានចេញសេចក្ដីប្រកាស កាលពីថ្ងៃពុធសប្ដាហ៍នេះថា សំណុំរឿងរបស់ Choi Jong Hoon ចំពោះការរំលោភបូក នឹងត្រូវកាត់ទោសរួមគ្នាជាមួយសំណុំរឿងរបស់Jung Joon Young។ លោក Kwon ក៏ប្រហែលនឹងត្រូវប្រឈមមុខនឹងការកាត់ទោស ដែលស្ថិតនៅក្រោមការសង្ស័យ ទាក់ទងនឹងរឿងអាស្រូវនៃការរំលោភបបូក ផងដែរ។

Choi Jong Hoon ត្រូវបានគេចោទប្រកាន់ពីបទរំលោភបូកចំនួន ២ ករណីផ្សេងគ្នា ដែលករណីទាំងពីរនេះ បានកើតឡើង កាលពីឆ្នាំ ២០១៦ ខណៈករណីទី១ បានកើតឡើងនៅទីក្រុង Hongcheon កាលពីខែមករា ហើយមួយទៀត បានកើតឡើងទីក្រុង Daegu កាលពីមិនា។

អំឡុងពេលដែល Jung Joon Young បានសារភាពទោសកំហុសទាក់ទងទៅនឹងការរំលោភបំពានលើច្បាប់ពិសេស​ ស្ដីពីការផ្តន្ទាទោសឧក្រិដ្ឋកម្មផ្លូវភេទ លោកក៏ស្ថិតនៅក្រោមការសង្ស័យពីការរំលោភបូក ដែលដូចទៅនឹងសំណុំរឿង Choi Jong Hoon ហើយនេះជាមូលហេតុដែលមេធាវី បានស្នើសុំឲ្យមានការកាត់ក្តីរួមគ្នា។

ប្រសិនបើអ្នកទាំងពីរត្រូវចូលរួមសវនាការនៅថ្ងៃទី២៧ ខែមិថុនាខាងមុខនេះ នោះមានន័យថា នេះជាលើកទី១ ដែលពួកគេបានជួបគ្នា ចាប់តាំងពីពួកគេត្រូវបានចាប់ឃុំឃាំង៕