(បរទេស)៖ តារាសម្ដែង លោក Keanu Reeves កាលពីពេលថ្មីៗនេះ បានធ្លាយដំណឹងថា លោកបានជួបចរចាជាមួយក្រុមហ៊ុន Marvel ជាលើកដំបូង ហើយអាចនឹងលេចមុខនៅក្នុងរឿង «The Eternals» ដែលបម្រុងនឹងចេញនាឆ្នាំ២០២០ ប្រសិនបើរូបលោកមានភាពជោគជ័យនៅក្នុងកិច្ចចរចានេះ ហើយតារាសម្ដែង Angelina Jolie ក៏បានលេខមុខនៅក្នុងរឿងនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយព័ត៌មាន dailymail នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៩។

ប្រភពបានប្រាប់គេហទំព័រ MCU Cosmic ថា ការចរចាបានធ្វើឡើងរួចរាល់ហើយ ជាមួយតារាវ័យ ៥៤ឆ្នាំរូបនេះ ដើម្បីបង្ហាញខ្លួន នៅក្នុងខ្សែភាពយន្ត ដែលត្រូវបានគេរំពឹងទុកថា នឹងបញ្ជាំងនៅរោងកុន នៅឆ្នាំក្រោយ។ ប្រភពបានបន្តទៀតថា Angelina Jolie និង Richard Madden ត្រូវបានគេដឹងថា នឹងចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តនេះ ហើយសម្រាប់តួអង្គផ្សេងទៀត ដែលនឹងត្រូវលេខមុខក្នុងរឿង «The Eternals» ជាវិរបុរសថ្មីៗ មានដូចជា Jolie Madden, Kumail Nanjiani និង Dong-seok Ma សុទ្ធតែត្រូវបាន Marvel ជ្រើសរើសឱ្យមកសម្តែងក្នុងភាពយន្តនេះ។ «The Eternals» គឺជាការដឹកនាំដោយលោក Chloé Zhao ហើយក៏ជាខ្សែភាពយន្តរបស់ផលិត Marvel Studio ដែលនឹងត្រៀមចាក់បញ្ជាំងនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ៕