(ភ្នំពេញ)៖ ដោយសារតែភាពល្បីល្បាញ មានកេរ្តិ៍ឈ្មោះរីកសុះសាយទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមានមហាជនជាច្រើន និយមស្តាប់ចម្រៀងរបស់ខ្លួនគ្រប់ៗនោះ បានធ្វើឲ្យតារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត ត្រូវបានមិត្តទស្សនិកជនរាប់ពាន់នាក់គាំទ្រ រហូតមានអ្នកគាំទ្រមួយចំនួន បានយកឈ្មោះលោកទៅបង្កើតហ្វេសប៊ុក ឬផេកយ៉ាងច្រើន ទៀតផង។ តែយ៉ាងណា ដោយសង្កេតឃើញថា ចំនួននៃផេកមានឈ្មោះថា Khemarak Sereymun ចេះតែកើនឡើង ពេលនេះលោក ខេមរៈ សិរីមន្ត ផ្ទាល់បានធ្វើការស្នើសុំទៅបណ្តាអ្នកគាំទ្រ ដែលយកឈ្មោះលោកទៅបង្កើតផេកទាំងអស់ សុំឲ្យប្តូរឈ្មោះចេញជាបន្ទាន់ ដើម្បីកុំឲ្យមានការយល់ច្រឡំក្នុងកាលៈទេសៈណាមួយ។

ជាក់ស្តែង ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក ខេមរៈ សិរីមន្ត បានធ្វើការបង្ហាញនូវរូបភាពផេកក្លែងក្លាយ ដែលមានដាក់ឈ្មោះលោកជាច្រើន ដោយភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «សូមអរគុណបងប្អូន ដែលតែងតែគាំទ្រដល់ខ្ញុំបាទ ជាពិសេសដល់បងប្អូន ដែលគាំទ្រហើយបានបង្កើតផេកដាក់ឈ្មោះខ្ញុំបាទ។ ខ្ញុំពិតជារំភើបរីករាយមែនទែន សម្រាប់គាំទ្រពោរពេញដោយក្តីស្រឡាញ់របស់បងប្អូន ប៉ុន្តែខណៈពេលខ្ញុំបាទ ខេមរៈ សិរីមន្ត សូមធ្វើការស្នើដល់បងប្អូន ដែលបានបងបង្កើតផេក ដែលមានឈ្មោះខ្ញុំ សូមឲ្យបងប្អូនប្តូរឈ្មោះទៅឈ្មោះផ្សេងទៀត ដើម្បីកុំឲ្យមានការយល់ច្រឡំណាមួយ ហើយបើបងប្អូនមិនបានប្តូរឈ្មោះទេ ក្រុមការងារកាន់ផេករបស់ខ្ញុំ និងធ្វើការ Report (រាយការណ៍)ផេកបងប្អូនហើយ។ ដោយក្តីគោរពអំពីខ្ញុំ ខេមរៈ សិរីមន្ត»

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលតារាប្រុសស្រីមានឈ្មោះល្បីល្បាញ បាននាំគ្នាចេញមុខមកប្រកាសបកស្រាយ និងស្នើសុំដល់អ្នកគាំទ្រដូចខាងលើនេះ ខណៈមូលហេតុនៃការស្នើសុំនេះ គឺដើម្បីទប់ស្កាត់រាល់បញ្ហាអ្វីមួយ ដែលកើតឡើងដោយសាមីខ្លួនមិនបានដឹង និងដើម្បីកុំឲ្យមានការយល់ច្រឡំ ឬក៏ពិបាកស្វែងរកថាតើ មួយណាជាផេកផ្លូវការរបស់ខ្លួន។

សូមជម្រាបថា លោក ខេមរៈ សិរីមន្ត ក្រៅពីមានប្រជាប្រិយភាពផ្នែកសិល្បៈមានទស្សនិកជនច្រើនគាំទ្រហើយនោះ ងាកមករកការប្រកបជំនួញវិញ ត្រូវបានទស្សនិកជនដឹងថា ក៏កាក់កប់ខ្លាំងណាស់ដែរ ដោយក្នុងនោះ លោកបានចាប់យករបរលក់ទឹកអប់ម៉ាក Or Brand និងហក់ទៅជំនួញអចលនទ្រព្យជាមួយលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ទៀតផង៕