(ភ្នំពេញ)៖​ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសសហការជាមួយស្ថាប័នជំនាញអន្ដរជាតិ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ នាដើមឆ្នាំ២០២០ ខាងមុខ ។ នេះបើយោងតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC កាលពីល្ងាចថ្ងៃទី០៧ ខែមិថុនាម្សិលមិញ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា ព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងត្រូវបង្កើតឡើង បន្ទាប់ពីទទួលបានការអនុញ្ញាត និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្រសួងទេសចរណ៍ បានកំណត់យកថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០១៩ ដើម្បីរៀបចំ នៅតាមតំបន់ឆ្នេរខេត្តទាំង ៤ របស់កម្ពុជា មានខេត្តកោះកុង ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា នេះគឺជាការប្រកួតលក្ខណៈជំនាញ ដែលនឹងមានកីឡាករ-កីឡាការិនីអាជីពលើពិភពលោកជាង ១០០នាក់ មកពីជិត ២០ប្រទេសចូលរួម ។ ដូច្នេះកម្ពុជានឹងទទួលបានពហុអត្ថប្រយោជន៍ ទាំងវិស័យទេសចរណ៍ វិស័យកីឡាជិះកង់កម្ពុជា និងទទួលបាននូវបទពិសោធន៍ដ៏ល្អ សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ ។

លោកថា «ព្រឹត្តិការណ៍កីឡា គឺជាព្រឹត្តិការណ៍មួយ ដែលលើពិភពលោកនេះ គេធ្វើជាឧបករណ៍ក្នុងការទាក់ទាញទេសចរសម័យថ្មី ដែលអាចទាក់ទាញទេសចរពី ១០ ទៅ ២០% តាមរយៈអ្នកចូលចិត្តវិស័យកីឡា ។ ហេតុនេះ អ្វីដែលយើងត្រៀមរៀបចំ នឹងមានការចូលរួមពីកីឡាករ-ការិនីអាជីពលើពិភពលោកជាង ១០០នាក់ ហើយក៏មានការចូលរួមពីក្រុមកីឡាករជំនាញកម្ពុជាដែរ ដែលជាផលចំណេញសម្រាប់កីឡាករកម្ពុជា ដកស្រង់បទពិសោធន៍ជាមួយការប្រកួតពិភពលោកនេះ»

លោក នី ផល្លី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងរៀបចំជា ៣ដំណាក់ លើចម្ងាយផ្លូវប្រមាណ ៥០០គីឡូម៉ែត្រ ។ ដំណាក់កាលទី១៖ ប្រណាំងនៅថ្ងៃទី០៤ ចេញដំណើរពីតារាសាគរ ដល់ទីរួមខេត្តកោះកុង ។ ដំណាក់កាលទី២៖ ប្រណាំងថ្ងៃទី០៥ ចេញដំណើរពីរង្វង់មូលសាយភូថង(កោះកុង) ដល់ភ្នំបូកគោ និងដំណាក់កាលទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញដំណើរពីសាលាខេត្តកែប ដល់រង្វាន់មូលតោពីរ ខេត្តព្រះសីហនុ ។

ទន្ទឹមជាមួយការប្រកាសរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ក៏ទទួលបានការគាំទ្រពីក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោកផងដែរ ហើយសង្ឃឹមព្រឹត្តិការណ៍នេះ នឹងទទួលបានជោគជ័យ ហើយក្លាយជាព្រឹត្តិការណ៍កីឡា និងទេសចរណ៍ ដែលផ្សព្វផ្សាយតំបន់ឆ្នេរកម្ពុជាទៅកាន់ពិភពលោក និងទាក់ទាញ់ភ្ញៀវទេសចរណ៍មកលេងកម្សាន្ដនៅកម្ពុជាកាន់តែច្រើនថែមទៀត៕