(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបរួចមកហើយថាថ្មីៗនេះ តារាកំប្លែងល្បីឈ្មោះ នាយក្រឹម កំពុងតែជួបទុក្ខយ៉ាងធ្ងន់ ដោយអ្នកម្តាយ​ជាទីស្រលាញ់បានទទួលមរណៈ។ អ្វីដែលកាន់តែសោកស្តាយទៀតនោះ គឺលោកមិនអាចបានទៅជួបមុខចុងក្រោយរបស់ម្តាយបានទេ ព្រោះម្តាយនៅអាមេរិក ខណៈលោកកំពុងរស់នៅកម្ពុជា។ តែយ៉ាងណា លោកបានបួស និងកាន់ទុក្ខម្តាយពីចម្ងាយ ជាមួយទឹកមុខសោកសង្រែង និងឈឺចាប់ជាខ្លាំង។

បើតាមការកត់សម្គាល់ នាយក្រឹម ត្រូវបានគេដឹងថា បានទៅបួសកាន់ទុក្ខ និងសុំខមាទោសម្តាយ នៅវត្តប្រាសាទ។ ទោះបីមិនអាច​ទៅជូនដំណើរម្តាយជាលើកចុងក្រោយក៏ពិតមែន ប៉ុន្តែ នាយក្រឹម បានធ្វើពិធីតាមសាសនានានា ដើម្បីឧទ្ទិសផលបុណ្យជូនម្តាយ ដែលលាកាន់លោកនេះ ទៅលោកខាងមុខ ព្រមទាំងធ្វើការបួសកាន់ទុក្ខផងដែរ។ បើគេនៅចាំមិនភ្លេច កាលដែលម្តាយបានទទួលមរណភាពភ្លាមៗ នាយក្រឹម បានត្រឹមបង្ហូរទឹកភ្នែកតាមទូរស័ព្ទ ពេលឃើញទិដ្ឋភាពពិធីបុណ្យសពម្តាយ​ ដែលត្រូវបានធ្វើឡើងតាមបែបបច្ចិមប្រទេស។

បើតាមប្រភពបានឲ្យដឹងថា នាយក្រឹម បានបួសនៅវត្តប្រាសាទរយៈពេលមួយថ្ងៃ ដើម្បីបំពេញតាមបំណង សុំខមាទោស រាល់កំហុសកើតមានកន្លងមកជាមួយអ្នកម្តាយជាទីស្រឡាញ់ និងបានបួងសួងសូមឲ្យម្តាយទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕