(នីយ៉ុង)៖ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានលើកឡើងថា រូបលោកស្វាគមន៍ប្រទេសចិន ក្នុងការព្យាយាមដេញថ្លៃ ទទូលសិទិ្ធធ្វើម្ចាស់ផ្ទះរៀបចំការព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០៣០ បន្ទាប់ពីប្រទេសអំណាចនេះ ទទូលបានសិទ្ធិរៀបចំពានរង្វាន់ជើងឯកទ្វីបអាស៊ី Asian Cup នៅឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយ Telegraph នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩។

តាមច្បាប់របស់ FIFA គឺត្រូវតែមានការផ្លាស់ប្តូរការប្រកួតនៅតាមទ្វីបទៅវិញទៅមក ដើម្បីបានធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ ក្រោយត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៣០ ខណៈបុរសសញ្ជាតិអ៊ីតាលី ដែលអាចនិយាយបាន ៥ភាសាយ៉ាងស្ទាត់ជំនាញនេះ ក៏ធ្លាប់បានលើកឡើងថា ចិនអាចចូលរួមប្រកួតប្រជែងក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup នៅឆ្នាំ២០៣០ បាន។

កន្លងមក ក្រុមបាល់ទាត់ជម្រើសជាតិចិនធ្លាប់បានចូលលេងក្នុងព្រឹត្តិការណ៍ World Cup បាន ១ដងកាលឆ្នាំ២០០២ ដែលមានប្រទេសជប៉ុន និងកូរ៉េខាងត្បូងធ្វើសហម្ចាស់ផ្ទះ៕