(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធរបស់ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ នួន បូរី ហាក់មិនមានក្ដីរំពឹងខ្ពស់ឡើយក្នុងការការពារតំណែងស្បែកជើងមាស ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៩ ព្រោះមើលឃើញពីឧបសគ្គយ៉ាងច្រើននារដូវកាលនេះ។

លោកបាននិយាយថា «រដូវកាលនេះពិបាកឈ្នះណាស់ ព្រោះក្លឹបមួយៗសុទ្ធតែមានការរៀបចំល្អ ហើយម្យ៉ាងទៀតនៅដើមរដូវកាលនេះ យើងធ្វើមិនសូវបានល្អ អ៊ីចឹងវាធ្វើឲ្យយើងពិបាកមែនទែន។ ខ្លួនឯងក៏ចង់ការពារដែរ តែចាំមើលកាលៈទេសៈសិន ព្រោះមានការប្រកួតប្រជែងខ្លាំង អ៊ីចឹងត្រូវប្រឹងឲ្យអស់ពីសមត្ថភាព ព្រោះយើងក៏ចង់បានស្បែកជើងមាសដែរ»

ការរៀបចំល្អពីក្លឹបដទៃ និងលទ្ធផលមិនសូវគាប់ចិត្តនៅក្របខណ្ឌលីគកំពូល នាពេលកន្លងមករបស់ក្រុមប៉ូលិស ត្រូវបានកីឡាករ​មានប្រភពពីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលចាត់ទុកជារនាំងក្នុងការប្រជែងយកស្បែកជើងមាសសាជាថ្មី ក្នុងពានសម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ។

សូមបញ្ជាក់ផងថា ឆ្នាំ២០១៩ នេះ ក្លឹបដឹកនាំដោយគ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា ត្រូវប៉ះវិសាខា នៅវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៩ ខណៈម្ចាស់អាវលេខ៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ រកបាន៨គ្រាប់ក្នុងការក្រសោបយកស្បែកជើងមាសកាលឆ្នាំ២០១៨៕