(ភ្នំពេញ)៖ ពិធីករប្រុសសម្ដីចាក់ទឹកមិនលេច លោក ហេរ៉ូ ដែលមានឈ្មោះពិតហៅថា មុំ សាម៉េត ត្រូវបានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា តែងតាំងជាអគ្គរដ្ឋទូតសុឆ្ទៈប្រចាំសមាគម ជាមួយនឹងពិធីការិនីកញ្ញា ដួង ហ្សូរីដា។ ការងារដែលតារាប្រុសស្រីទាំងពីរទទួលបាននេះ ត្រូវបានគេដឹងថាជាការងារស្ម័គ្រចិត្ត ពោលគឺមិនទទួលបានផលប្រយោជន៍អ្វីមកវិញនោះទេ ប៉ុន្តែដើម្បីចូលរួមកិច្ចការងារសង្គម ក្នុងការអភិរក្សដំរីខ្មែរ លោក ហេរ៉ូ បានឲ្យដឹងថា លោកសុខចិត្តលះបង់ពេលវេលា និងថវិការផ្ទាល់ខ្លួនដោយក្តីរីករាយ ដើម្បីចូលរួមក្នុងសកម្មភាពនេះ។

ថ្លែងប្រាប់ក្រុមការងារ Fresh News និង Khmer Talking ពិធីករលោក ហេរ៉ូ បានឲ្យដឹងថា ការទទួលបានតួនាទីនេះ អ្វីដែលលោកមានទំនួលខុសត្រូវ គឺត្រូវចំណាយពេលវេលា ដើម្បីចូលរួមកិច្ចការងារជាមួយសមាគម បើទោះបីជាមានការងារផ្ទាល់ខ្លួនរវល់ក៏ដោយ គឺត្រូវតែឆ្លៀតជួយសមាគមជាចាំបាច់។ លើសពីនេះ ចំពោះការងារជួយសមាគម លោកត្រូវចំណាយថវិកាផ្ទាល់ខ្លួនទាំងស្រុងតែម្តង។ ទាំងនេះបង្ហាញពីឆន្ទៈដ៏មុះមុតរបស់ លោក ហេរ៉ូ ក្នុងការជួយការងារសង្គម។

លោក ហេរ៉ូ បានបន្ថែមថា ទោះមិនបានទទួលផលអ្វីមកវិញក៏ពិតមែន ប៉ុន្តែលោកពិតជាចាប់អារម្មណ៍ការងារដែលទទួលបានពេលនេះជាខ្លាំង ព្រោះសំលឹងឃើញថា ចំនួននៃសត្វដំរីកម្ពុជាបច្ចុប្បន្ន មានការបាត់បង់គួរឲ្យកត់សម្គាល់ បើតាមដឹងក្នុងខេត្តរតនៈគិរី ចំនួនសត្វដំរីមានត្រឹមតែ៤ក្បាល ប៉ុណ្ណោះ។ មូលហេតុនេះ ទើបជំរុញទឹកចិត្តលោកចូលរួមឲ្យខានតែបាន ដើម្បីអភិរក្សសត្វដំរី កុំឲ្យបាត់បង់បន្តទៀត។

ថ្លែងក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Fresh News លោក ហេរ៉ូ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ឲ្យចូលរួមជាមួយកិច្ចការងារផ្សេងៗរបស់សមាគមអៃរាវត្តាទាំងអស់ តាមលិទ្ធភាពដែលអាចធ្វើបាន ដើម្បីជាផ្នែកមួយជួយស្រោចស្រង់ជីវិតសត្វដំរីកម្ពុជា ដែលជិតបាត់បង់ទៅហើយនោះ។ ខណៈមកទល់នឹងបច្ចុប្បន្ននេះ សត្វដំរីទូទាំងប្រទេស គឺនៅសល់តែជាង ៦០ក្បាលប៉ុណ្ណោះ ព្រោះសត្វប្រភេទនេះត្រូវបានគេដឹងថា​ កំពុង​តែ​ប្រឈម​ការបាត់បង់ ​មិនថានៅ​កម្ពុជាទេ គឺ​ទូទាំង​ពិភពលោកតែម្តង ព្រោះតែ​ការប្រមាញ់​សម្លាប់ និង​ការកាប់​បំផ្លាញ​ព្រៃឈើ​។

សូមជម្រាប់ថា មូលនិធិសមាគមអភិរក្សដំរី អៃរាវត្តា បានបង្កើតឡើងជាង៤ឆ្នាំហើយ ក្នុងគោលបំណងអភិរក្សសត្វដំរីដែលនៅសេសសល់ ក្នុងខេត្តភាគឦសាន ជាពិសេសបានផ្ដល់​ឱកាស​ឲ្យ​ភ្ញៀវទេសចរ​ទទួល​បាន​ភាពស្និទ្ធស្នាល​ជាមួយ​សត្វ​ដំរី។ ការចូលរួមដោយកម្លាំងកាយចិត្តរបស់តារាប្រុសស្រីទាំងពីរ គឺលោក ហេរ៉ូ និងកញ្ញា ឌួង ហ្សូរីដា ក្នុងនាមជាអគ្គរដ្ឋទូតសុឆន្ទៈ គឺមានសារសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយសកម្មភាព និងបញ្ហានានា ដល់មហាជនឲ្យបានដឹងពីសត្វដំរីកម្ពុជា និងចូលរួមអភិរក្សទាំងអស់គ្នា៕