(ភ្នំពេញ)៖ តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ត្រូវបានគេឃើញយកអំណោយសប្បុរសធម៌របស់សម្ដេចនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត យកទៅប្រគល់ជូនអ្នកខ្វះខាត នៅឯវិមានឈ្នះ ឈ្នះ ចំនួន៣៣គ្រួសារ។ ក្រៅពីអំណោយរបស់សម្ដេចសប្បុរសធម៌ទាំងពីរ អ្នកនាង និងស្វាមី ក៏បានចាត់ចែងជាអំណោយផ្សេងទៀត ដើម្បីប្រគល់ជូនផងដែរ ដើម្បីចែករំលែកក្ដីស្រឡាញ់ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។

អ្នកនាង សឿ សុធារ៉ា បានសរសេរបង្ហោះថា «Happy birthday to me ​គម្រប់៣៣ឆ្នាំថ្មី សូមជូនបុណ្យបងប្អូនខ្មែរទាំងអស់គ្នាផង ចំពោះអំណោយ​ទេវតាសំរាប់លោកតាលោកយាយចាស់ៗទីទាល់ក្រ​ ចំនួន៣៣គ្រួសារ​ ក្រៅពីអង្ករ...សម្តេចទាំងទ្វេលោកសប្បុរសបន្ថែម​នៅទឹកប្រាក់ក្នុងម្នាក់បានចំនួន ៤០០០០រៀល ហើយក្រុមការងារអំណោយទេវតានិងបន្តធ្វើគ្រប់ទីកន្លែង​ ស្មើៗគ្នា​ Sapoun Mi Dada វិមានខ្មែរឈ្នះ ឈ្នះ»

អ្នកនាង សឿ សុធារ៉ា បានប្រាប់បន្ថែមតាមរយៈសារអេឡិចត្រូនិចថា សម្រាប់ខួបកំណើតឆ្នាំនេះ អ្នកនាង មិនធ្វើពិធីជប់លៀងជាលក្ខណៈធំដុំនោះទេ ដោយអ្នកនាងយកពេលដឹកនាំក្រុមការងារសប្បុរសធម៌របស់សម្ដេចទាំងពីរ យកអំណោយទៅប្រគល់ជូនតាយាយដែលស្នាក់នៅតំបន់វិមានឈ្នះ ឈ្នះវិញ ដើម្បីឲ្យពួកគាត់សប្បាយចិត្ត។

យ៉ាងណាមិញ អ្នកនាង និងស្វាមី ក៏មាននាទីដឹកនាំអំណោយសប្បុរសធម៌របស់សម្ដេចទាំងពីរបែបនេះ យកទៅប្រគល់ជូន​គ្រួសារខ្វះខាតផ្សេងទៀតផងដែរ ដោយគ្រាន់តែការប្រគល់អំណោយកាលពីថ្ងៃទី៥ មិថុនា គឺជាការប្រគល់ចំថ្ងៃខួបកំណើតរបស់ខ្លួន ហើយធ្វើឡើងចំថ្ងៃខួបកំណើតវ័យ៣៣ឆ្នាំរបស់ខ្លួន ដើម្បីឲ្យលោកតាលោកយាយ ដែលនាងប្រគល់អំណោយបានសប្បាយចិត្តទាំងអស់គ្នា៕