(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានបំបាក់ក្រុមភ្ញៀវប៉ាគីស្ថាន ២-០ នៅយប់ថ្ងៃព្រហស្បតិ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបង្ហោះសារចូលរួមអបអរសាទរ ចំពោះជ័យជម្នះរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលធ្វើបានយ៉ាងល្អ ក្នុងជើងទី១ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា(2022 FIFA World Cup qualification-AFC)។

យោងតាមសាររបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានបង្ហោះក្រោយចប់ការប្រកួតភ្លាមៗបានសរសេរថា «សូមកោតសរសើរដល់ក្រុមកីឡាករ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានទទួលជ័យជម្នះ ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងលទ្ធផល (កម្ពុជា ២ Vs ប៉ាគីស្ថាន ០) សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តអ្នកគាំទ្រ ដែលបានចូលរួមទស្សនាផ្ទាល់ និងតាមទូរទស្សន៍ ហើយបានជូនពរក្រុមរហស្សនាមគោព្រៃកម្ពុជា បន្ដទទួលបានជោគជ័យបន្ថែមទៀតផង។ សម្ដេចបន្ដថា «អរគុណបងប្អូនប្រជាពលរដ្ឋ ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិ និងតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត»

គួរដឹងថា បន្ទាប់ពីទទួលបានជ័យជម្នះ ២-០ ក្នុងដី ដែលធ្វើសម្រេចដោយកីឡាករវ័យក្មេង សៀង ចន្ធា និងសិស្សច្បង គួច សុកុម្ភៈ នាថ្ងៃសុក្រស្អែកនេះ ក្រុមគោព្រៃកម្ពុជា នឹងធ្វើដំណើរទៅទីក្រុងដូហា ប្រទេសកាតា ដើម្បីត្រៀមកាត់សេចក្ដីជើងទី២ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាថ្ងៃទី១១ ខែមិថុនាខាងមុខ ដើម្បីកំណត់ក្រុមខ្លាំងឡើងជុំទី២។ ប៉ុន្ដែកម្ពុជា កំពុងមានប្រៀប ក្រោយរកបាន ២គ្រាប់ក្នុងដី ខណៈការប្រកួតក្រៅដី ពួកគេទាមទាត្រឹមស្មើ នឹងបានឡើងទៅវគ្គបន្ដ៕