(ភ្នំពេញ)៖ ពិធីបើកការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ ត្រូវបានបង្កើតឡើងជាលើកដំបូង ក្នុងឆ្នាំ២០១៩នេះ ដោយមាន ៩ក្រុមចូលរួម ដែលបានចាប់ផ្តើមធ្វើការប្រកួតវគ្គសន្សំពិន្ទុជាផ្លូវការហើយក្នុងថ្ងៃទី០៦ ខែមិថុនា ក្នុងទីលានបាល់ទាត់វិទ្យាល័យច្បារអំពៅ ដោយក្រុមម្ចាស់ផ្ទះច្បារអំពៅ បានប្រកួតចាញ់ក្រុមភ្ញៀវវិទ្យាល័យឥន្រ្ទទេវី ក្នុងលទ្ធផល ០-៨ ក្នុងវគ្គសន្សំពិន្ទុជើងទី១ ជុំទី១ បើកឆាកថ្ងៃនេះ។

សម្រាប់យុទ្ធនាការនេះនឹងមានរយៈពេលត្រឹមតែជាង ៣ខែប៉ុណ្ណោះ ដោយត្រូវបានរៀបចំឡើងក្រោមកិច្ចសហការគ្នា រវាងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់អាជីព បឹងកេតអែហ្វស៊ី ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពសកម្មភាពរស់រវើក និងរីកចម្រើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត ដោយមានការអនុញ្ញាត និងគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតនេៈគឺធ្វើឡើងជាលក្ខណៈវិលជុំ សន្សំពិន្ទុក្នុងដី និងក្រៅដី នៅកីឡដ្ឋានបាល់ទាត់វិទ្យាល័យបឹងត្របែក និងវិទ្យាល័យ ជា ស៊ីម ច្បារអំពៅ ដែលមានក្រុមមកពីគ្រឹះស្ថានចំណេះដឹងទូទៅរបស់រដ្ឋ និងឯកជនចំនួននានា សរុបចំនួន ៩ក្រុមចូលរួម។

គួរបញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍ជើងឯកវិទ្យាល័យ ឆ្នាំ២០១៩ នេះនឹងបញ្ចប់ទៅវិញនៅខែកញ្ញា ឆ្នាំ២០១៩ ហើយសម្រាប់ប្រាក់រង្វាន់វិញ សម្រាប់ជើងឯក នឹងទទួលបាន ពានប្រចាំព្រឹត្តិការណ៍១ និងប្រាក់រង្វាន់ចំនួន ៦០លានរៀល (១៥០០០ដុល្លារ) ខណៈលេខ២ នឹងទទួលបាន ៤០លានរៀល និងលេខ៣ ទទួលបាន ២០លានៀន និងមានរង្វាន់ជាច្រើនទៀត សម្រាប់កីឡាករលេងល្អប្រចាំព្រឹត្តិការណ៍នេះផងដែរ៕