​(ភ្នំពេញ)៖ ទីបំផុតផលិតកម្មមហាហង្ស បានបញ្ចេញ Trailer ភាពយន្តបែបរន្ធត់តក់ស្លុតតាំងពីដើមរហូតដល់ចប់ គឺរឿង «ព្រលឹង» ជាផ្លូវការ​ហើយ បន្ទាប់ពីផលិតកម្មមួយនេះ ទើបតែកើបលុយពីរឿង «ផ្ទះចុងភូមិ»ក្ដៅៗ។ ជាការពិតគ្រាន់តែឃើញ Trailer ភាពយន្តនេះភា្លម អ្នកទស្សនាមួយចំនួន អាចនឹងមានអារម្មណ៍តក់ស្លុតក្នុងចិត្ត ព្រោះតែឈុតឆាកសាហាវៗ ក្នុងខ្សែភាពយន្ត។ រឿងនេះក៏ត្រូវបានគេអះអាងថា នឹងកើបលុយមិនធម្មតា ក្រោយបង្អួតខ្លួនក្នុងរោងទំនើប មិនចាញ់រឿង «ផ្ទះចុងភូមិ» ផងដែរ។

តំណាងផលិតកម្ម មហាហង្ស បានឲ្យដឹងថា ភាពយន្តរឿង «ព្រលឹង» នេះ ទើបតែចេញ Trailer ប៉ុណ្ណោះ ដោយគ្រាន់តែចេញជា Poster និងប៉ាណូរឿងលើហ្វេសប៊ុក គឺមានការចាប់អារម្មណ៍តែម្ដង។ ​ភាពយន្តនេះនឹងក្លាយជារឿង ដែលខ្លួនរំពឹងអាចកើបលុយបានច្រើន មិនខុសគ្នាពីភាពយន្តរឿង «ផ្ទះចុងភូមិ» នោះឡើយ ដោយសម្អាងលើគុណភាព និងសាច់រឿង បើទោះជាភាពយន្តរឿង «ផ្ទះចុងភូមិ» ជាប់ចំណាត់ថ្នាក់ជាភាពយន្ត ដែលកើបលុយបានខ្ពស់ក្នុងពេលបញ្ចាំង។

ភាពយន្តនេះត្រូវបានប្រកាសថា ចំណាយការផលិតអស់ច្រើន ហើយសម្រាប់បញ្ហាបច្ចេកទេស ក៏រឹតត្បិតខ្លាំង ដើម្បីតម្រូវទីផ្សារភាពយន្តខ្មែរផងដែរ នៅក្នុងកាលៈទេសៈដែលអ្នកគាំទ្រ កាន់តែចេះមើលកុន ខណៈដែល Poster និង Trailer គឺគ្រាន់តែបង្ហោះឡើងក៏ធ្វើឲ្យមានការកោតសរសើរ។ ភាពយន្តនេះគ្រោងប្រកាសលក់សំបុត្រ នៅថ្ងៃទី៤ កក្កដា ខែក្រោយ ដោយអ្នកគាំទ្រ ក៏រំពឹងថាយ៉ាងហោចណាស់ ក៏បានចំណូលអាចតាមស្មើ នឹងប្រាក់ចំណូលរបស់រឿង «ផ្ទះចុងភូមិ» ផងដែរ៕