(ភ្នំពេញ)៖​ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាសម្ដែង សូ ដានីតា បានធ្វើដំណើរទៅសួរសុខទុក្ខ តារាកំប្លែងស្រីជើងចាស់អ្នកនាង គ្រត ដល់គេហដ្ឋាន កាលពីពេលថ្មីៗនេះ បន្ទាប់ពីតារាកំប្លែងស្រីរូបនេះ បានចេញពីមន្ទីរពេទ្យ ដោយវិលត្រឡប់ទៅសម្រាកនៅផ្ទះជាធម្មតាវិញ ក្រោយពីធ្លាក់ខ្លួនឈឺ ចូលសម្រាកក្នុងមន្ទីរពេទ្យ អស់រយៈពេលជាច្រើនថ្ងៃ។

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ តារាកំប្លែង អ្នកនាង គ្រត បានធ្លាក់ខ្លួនឈឺចូលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ដោយសារជំងឺក្រពះពោះវៀន។ យ៉ាងណាមិញ បន្ទាប់ពីធ្វើការសម្រាកព្យាបាល បានធូរស្បើយហើយនោះ ខណៈនេះ អ្នកនាង គ្រត បានវិលត្រឡប់ទៅសម្រាកព្យាបាល នៅគេហដ្ឋានវិញហើយ​។

ក្នុងនោះ គេសង្កេតឃើញ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាសម្ដែង សូ ដានីតា បានបង្ហាញពីការព្រួយបារម្ភ រហូតធ្វើដំណើរទៅសួរសុខទុក្ខ អ្នកនាង គ្រត ភ្លាមៗតែម្ដង បន្ទាប់ពីនាងទៅដល់គេហដ្ឋានភ្លាម ដោយប្រធានសមាគមរូបនេះ បានឲ្យដឹងក្នុងទំព័រហ្វេសប៊ុក របស់ខ្លួនថា «ថ្ងៃនេះយើងទាំង២បានមកសួរសុខទុក្ខអ្នកបងគ្រត ដែលកំពុងមានជំងឺ ជូនពរឲ្យបងឆាប់ជា»។ ជាមួយគ្នានេះ ភ្ជាប់ជាមួយនឹងការសួរសុខទុក្ខ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានជួយជាថវិកាជូន ដល់អ្នកនាង គ្រត ចំនួន ៨០ម៉ឺនរៀល ផងដែរ។

ប្រិយមិត្តទស្សនិកជនក៏ដូចជាអ្នកគាំទ្រ ក៏បានជូនពរដល់តារាកំប្លែង អ្នកនាង គ្រត ឲ្យឆាប់បានជាសះស្បើយពីជំងឺ និងឆាប់បានវិលត្រឡប់មកសម្ដែង ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តវិញ ៕