(ភ្នំពេញ)៖ កីឡាករ ៥រូបរបស់ភ្នំពេញក្រោនត្រូវបានគ្រូជម្រើសជាតិកម្ពុជាកោះហៅឲ្យចូលរួម ដើម្បីធ្វើការប្រកួតជាមួយ ក្រុមបាគីស្ថាននៅថ្ងៃនេះ លោក ស៊ុំ វណ្ណា ដែលជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹបបានយល់ថា វាជាសញ្ញាណមួយដ៏ល្អសម្រាប់ពួកគេ ដែលមានសមត្ថភាពក្នុងការបង្ហាញខ្លួននេះ។

លោក វណ្ណា បាននិយាយថា «វាគឺជាឱកាសមួយសម្រាប់ពួកគេទាំង ៥នាក់ ក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន ហើយពួកគេក៏បានជួបគ្នាជាមួយ​កីឡាករល្អៗក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះដូចគ្នា»

ជុំវិញការរៀបចំក្រុមដើម្បីប្រកួតទល់នឹងប៉ាគីស្ថាន ក្នុងវគ្គជម្រុះជុំទី១ នៃ FIFA World Cup 2022 ពេលវេលាហាក់ដូចជាខ្លីពេក​សម្រាប់ក្រុមជម្រើសជាតិកម្ពុជា វាជារឿងលំបាកមួយសម្រាប់យើងក្នុងការប្រជែងជាមួយ ក្រុមបាគីស្ថាន ព្រោះយើងមិនអាចប្រៀបធៀបបច្ចេកទេស និងគុណភាពកីឡាកររបស់យើងជាមួយនឹងពួកគេបានទេ។ ពួកគេមានកីឡាករមួយចំនួនមានបទពិសោធន៍នៅអឺរ៉ុប ទាំងការរៀបចំ និងកម្រិតរបស់ពួកគេគឺបានល្អជាងយើង តែទោះបីជាយ៉ាងណា ខ្ញុំសូមជូនពរពួកគេឲ្យខំប្រឹង និងទទួលបានលទ្ធផលល្អល្ងាចនេះ។

គួរបញ្ជក់ផងថា កីឡាករទាំង ៥រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលចូលរួមជាមួយក្រុមគោព្រៃកម្ពុជា ដើម្បីប្រកួតទល់នឹងប៉ាគីស្ថានល្ងាចនេះ រួមមានកីឡាករ អ៊ន ចាន់ប៉ូលីន, ម៉ៅ ពិសិដ្ឋ, សឿត បារាំង, យ៊ើ សាហ្វី និងអ្នកចាំទី សាវែង សំណាង៕