(ភ្នំពេញ)៖ កីឡាករ ចាន់ វឌ្ឍនាកា និងអ្នកចាំទី ស៊ូ យ៉ាទី បានបង្ហោះសារលើទំព័រហ្វេសប៊ុករៀងៗខ្លួនពាក់ព័ន្ធនឹងការ ប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងជើងទី១ នៃវគ្គជម្រុះដំបូង ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតានាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ។

តើអ្នកទាំងពីរបានសរសេរអ្វីខ្លះ ចំពោះការប្រកួតដ៏សំខាន់នេះ ខណៈកីឡាករមានប្រជាប្រិយភាពទាំង ២រូបមិនត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីបំពេញបេសកកម្មនេះឡើយ?

ចំពោះកីឡាករ ចាន់ វឌ្ឍនាកា បានបង្ហោះសារថា « សូមជ័យជំនះកើតមាន ចំពោះក្រុមជម្រើសជាតិកម្ពុជារបស់យើង ទាំងក្នុងការប្រកួតថ្ងៃនេះ ក៏ដូចជាការប្រកួតជើងទី២។ សូមចូលរួមផ្ដល់កំលាំងចិត្តដល់ក្រុមជម្រើសជាតិយើងទាំងអស់គ្នា «ទាំងអស់គ្នា ដើម្បីកម្ពុជា» »

រីឯសិស្សច្បង ស៊ូ យ៉ាទី បានសរសេរថា «ថ្ងៃនេះកុំភ្លេចណាបងប្អូន...សូមចូលរួមទស្សនាបាល់ទាត់ខ្មែរយើងអោយបានច្រើនកុះករ ខ្មែរស្រលាញ់ខ្មែរ។ (ទោះបីមិនមានវត្តមានខ្ញុំក៏ដោយ តែខ្ញុំនៅតែគាំទ្រ)...។ ជម្រើសជាតិយើង គឺជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា»

នេះគឺជាសារគួរឲ្យសរសើរ ចំពោះអ្នកទាំងពីរ ដែលអ្នកគាំទ្រ មិនគួររំលងការប្រកួតរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជាល្ងាចនេះឡើយ។ ដូច្នេះសង្ឃឹមថា ការប្រកួតទល់នឹងប៉ាគីស្ថានល្ងាចនេះ នឹងមានវត្តមានអ្នកគាំទ្រចូលរួមទស្សនាច្រើន ដើម្បីលើកទឹកចិត្តដល់កីឡាករកម្ពុជា ក្នុងដំណើរឆ្ពោះទៅប្រជែងកៅអីវគ្គបន្ដ។

សូមរំឮកថា ការប្រកួតជម្រុះដំបូង នៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ រវាងក្រុមគោព្រៃកម្ពុជា និងប៉ាគីស្ថាន នឹងធ្វើឡើង ២ជើង ដើម្បីកាត់សេចក្ដី រកក្រុមខ្លាំងឡើងជុំទី២ ដោយជើងទី១ ក្រុមទាំងពីរ ត្រូវជួបគ្នាលើទឹកដីកម្ពុជា នាម៉ោង ៦៖៣០នាទីល្ងាចនេះ មុនកម្ពុជា ត្រូវធ្វើដំណើរទៅតតាំងជាមួយប៉ាគីស្ថានម្តងទៀតក្នុងជើងទី២ នៅប្រទេសកាតា នៅថ្ងៃទី១១ ខែមិថុនាខាងមុខ៕