(ភ្នំពេញ)៖ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ គ្រោងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១១-១៨ ខែមិថុនាខាងមុខ នៅរាជធានីភ្នំពេញ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីមកពីរាជធានី-ខេត្តជិត ៣,៤០០នាក់ចូលរួម ហើយត្រូវប្រកួតលើ ១១ប្រភេទកីឡា ស្មើនឹង ៩៥វិញ្ញាសា។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ។

ជាមួយការបង្កើតព្រឹត្តិការណ៍កីឡាក្របខណ្ឌសិស្សនេះដែរ គឺផ្ដោតលើគោលបំណងសំខាន់ៗមួយចំនួន ដូចជាទី១-អនុវត្តនយោបាយកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា លើរចនាសម្ព័ន្ធប្រកួត ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ទី២-រៀបចំការប្រកួតឲ្យស្របទៅនឹងរចនាសម្ព័ន្ធការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដូចជាការប្រកួត កីឡាសិស្សអាស៊ាន កីឡាសាកលវិទ្យាល័យអាស៊ាន និងកីឡាសាកលវិទ្យាល័យពិភពលោកជាដើម។

ទី៣-ជាដំណាក់កាលបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេស និងចម្រាញ់កីឡាករ-កីឡាការិនីមានសមត្ថភាព និងទេពកោសលល្អ មកបណ្ដុះបណ្ដាលជំនាញ សម្រាប់ចូលរួមប្រកួតទាំងថ្នាក់ជាតិ និងឆាកអន្ដរជាតិ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ទី៤-បំផុសសកម្មភាពអប់រំកាយ និងកីឡាកីឡា តាមគ្រឹះស្ថានសិក្សា និងតាមរាជធានី-ខេត្ត ដែលជួយឲ្យសិស្សានុសិស្ស មានសុខុមាលភាពល្អ កាយសម្បទាមំាមួន មានសាមគ្គីភាព និងចេះការធ្វើការងារជាក្រុម ដើម្បីសម្រេចបាននូវសមិទ្ធផលល្អ ទាំងការសិក្សា និងការប្រកបការងារនាថ្ងៃអនាគត។

លោក ស សុខា បានបញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អ ដែលស្ថាប័នជំនាញ ត្រូវធ្វើការវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករ-កីឡាការិនី និងសម្លឹងរកអ្នកមានទេពកោសល្យល្អជាមួយកីឡាផ្សេងៗ មកបណ្ដុះបណ្ដាលពួកគេ ឲ្យក្លាយជាកីឡាករ-កីឡាការិនីឆ្នើម សម្រាប់ត្រៀមប្រកួតំណាងឲ្យជាតិ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ ម្យ៉ាងក៏ជាឱកាសសម្រាប់មន្ដ្រីបច្ចេកទេស ត្រូវរៀនសូត្របន្ថែម អំពីច្បាប់ល្បែងថ្មីៗ ដើម្បីកាត់សេចក្ដីប្រកបដោយភាពយុត្ដិធម៌ត្រឹមត្រូវជូនដល់កីឡាករ-កីឡាការិនីផងដែរ។

ព្រឹត្តិការណ៍នេះ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ហើយរាល់ការចំណាយ ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើរ គឺក្រសួងជាអ្នករាប់រង តួយ៉ាងក្នុងរយៈពេលជិត ១០ថ្ងៃនៃការប្រកួតកីឡាជាតិ លើកទី១ បានត្រៀមសណ្ឋាគារ និងផ្ទះសំណាក់ចំនួន១៣ ស្មើនឹង ៨២៥បន្ទប់ សម្រាប់ទទួលប្រតិភូ និងកីឡាករ-កីឡាការិនី រួមទាំងរថយន្ដចំនួន ២៥គ្រឿង ដើម្បីសម្រួលដល់ការធ្វើដំណើរទៅតាមទីលានប្រកួតនីមួយៗទៀតផង។

គួរបញ្ជាក់ថា កីឡាទាំង ១១ប្រភេទ ត្រូវបានក្រសួងអប់រំ កំណត់ឲ្យរៀបចំការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទាត់, បាល់ទះ, បាល់បោះ, ប៉េតង់, វាយកូនឃ្លីលើតុ, វាយសី, តេក្វាន់ដូ WTF, តេក្វាន់ដូ ITF និងកីឡាការ៉ាតេដូ។ រីឯទីលានប្រកួតមាននៅពហុកីឡដ្ឋានជាតិ, ពហុកីឡដ្ឋានជាតិមរតកតេជោ, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងវិទ្យាល័យចំនួន ៣ផ្សេងទៀត៕