(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានធ្វើការគាំទ្រពេញទំហឹង ចំពោះសកម្មភាពរបស់សមាគមបាល់បោះកម្ពុជា-អាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់បោះជាតិឲ្យកាន់តែរីកចម្រើន ពិសេសដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។

ការបញ្ជាក់ដូច្នេះ ស្របពេលលោករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមបាល់បោះជាតិសហរដ្ឋអាមេរិក(NBA តំណាងដោយលោក Carlos Barroca អនុប្រធាន NBA-ប្រចាំអាស៊ី និងលោក ចៅ សុខារី ប្រធានសមាគមបាល់បោះកម្ពុជា-អាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅទីស្នាក់ការ NOCC កាលពីព្រឹកមិញ ។

ការជួបសម្ដែងការគួរសមនេះ ធ្វើឡើងដើម្បីសុំការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងផែនការផ្លាស់ប្ដូរការហ្វឹកហាត់ ក៏ដូចការចូលរួមប្រកួត រវាងកីឡាករខ្មែរ-អាមេរិក និងកីឡាករជាតិក្នុងស្រុក និងគាំទ្រឱ្យកីឡាករខ្មែរ-អាមេរិក មានកម្រិតបច្ចេកទេសខ្ពស់ ចូលរួមការប្រកួតតំណាងជាតិ ពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានគោលការណ៍ និងបានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងដល់គ្រប់ស្ថានទូតប្រចាំប្រទេស ដែលមានខ្មែររស់នៅ ឱ្យស្វែងរកកីឡាករ មានឈាមជ័រខ្មែរ មានទេពកោសល្យ និងកម្រិតបច្ចេកទេស គុណផលកីឡាខ្ពស់ ចូលរួមប្រកួតជាអន្តរជាតិ តំណាងជាតិខ្មែរ ។

ផ្អែកលើគោលនយោបាយនេះ លោករដ្ឋមន្ដ្រី បានសម្ដែងការគាំទ្រ ចំពោះសមាគមបាល់បោះកម្ពុជា-អាមេរិក ដែលបានខិតខំប្រឹងប្រែង ជួយអភិវឌ្ឍវិស័យកីឡាបាល់បោះជាតិ ហើយលោកក៏បានសំណូមពរឲ្យសមាគម បន្ដកិច្ចសហការ ដើម្បីស្វែងរកកីឡាមានឈាមជ័រខ្មែរ ស្រលាញ់ខ្មែរ ដោយគ្មានការរើសអើង ក៏ដូចជាធ្វើការហ្វឹកហាត់ រវាងកីឡាករខ្មែរ-អាមេរិក និងកីឡាករក្នុងស្រុក ដើម្បីបង្កើតស្មារតី «Team Spirit» និងទទួលបានឱកាសប្រកួតំណាងជាតិទៀតផង ។

បន្ថែមលើនេះ លោកបណ្ឌិត ថោង ខុន ក៏បានស្នើឲ្យសហព័ន្ធកីឡាបាល់បោះកម្ពុជា យកចិត្តទុកដាក់បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសការរៀបចំទីលានប្រកួតតាមសាលា ចាប់ពីអនុវិទ្យាល័យ វិទ្យាល័យ រហូតដល់សាកលវិទ្យាល័យ ហើយរៀបចំការប្រកួតឲ្យបានទៀតទាត់ ដោយមានការគាំទ្រពី NBA ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាព មកបណ្ដុះបណ្ដាលជំនាញ ក្នុងទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ៕