(ភ្នំពេញ)៖ វត្តមានរបស់កុមារាកម្ពុជា ធុច សាលិក ទៅរៀននៅសាលាឯកជនមួយកន្លែងក្នុងខេត្ត ជេជាំង (Zhejiang) ភាគខាងកើតប្រទេសចិន ហាក់ទទួលបានភាពកក់ក្តៅយ៉ាងខ្លាំង ដោយក្នុងនោះ សាលិក មានមិត្តភ័ក្ត្រប្រុសស្រីជាច្រើនលេងកំសាន្តជាមួយពេលទំនេរពីការសិក្សា ហើយងាកមកកន្លែងរស់នៅ អាហារហូបចុកវិញ ហាក់មិនមែនជាបញ្ហាសម្រាប់ក្មេងប្រុសម្នាក់នេះឡើយ។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ ថ្មីៗនេះមានសារព័ត៌មានចិនដ៏ល្បីមួយឈ្មោះថា «Global Time» បានចុះទៅថតពីសកម្មភាពផ្ទាល់របស់កុមារា ធុច សាលិក ដល់សាលារៀន។

តាមរយៈវីដេអូសកម្មភាពរបស់ ធុច សាលិក បានបង្ហាញថា ក្មេងប្រុសកម្ពុជារូបនេះ ពិតជាមានភាពចុះសម្រុងជាមួយមនុស្សជុំវិញខ្លួនយ៉ាងខ្លាំង ជាមួយនឹងទឹកមុខញញឹមរួសរាក់ទាក់ ក្នុងការទំនាក់ទំនងជាមួយមិត្តភ័ក្រ្ួថ្មី។ ចំណែកក្នុងថ្នាក់រៀនវិញ សាលិក មានការខិតខំរៀនសូត្រយ៉ាងខ្លាំង អំឡុងពេលដែលរូបគេកំពុងមានឱកាសពិសេសក្នុងការស្រូបយកចំណេះដឹងនៅប្រទេសចិន។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន «Global Time» សាលិក បាននិយាយថា «សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំឈ្មោះ ធុច សាលិក អាយុ ១៥ឆ្នាំ មកពីប្រទេសកម្ពុជា។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានធ្វើជាសិស្សនៅសាលា ភាសាបរទេស ហៃលាំងជេជាំង។ ខ្ញុំចូលចិត្តលេងកីឡាបាល់ទះ បាល់បោះ និងសិក្សាភាសាចិន។ ខ្ញុំចូលចិត្តមិត្តរួមថ្នាក់ និងបរិយាកាសនៅទីនេះ....»

អ្នកគ្រូ Wang Yi ដែលជាគូបង្រៀនរបស់ សាលិក បានលើកឡើងថា «គាត់គឺជាមនុស្សដែលស្រឡាញ់ការរៀនសូត្រ និងមានសមត្ថភាពរឹងមាំក្នុងការរៀនសូត្រ។ គាត់ជាមនុស្សល្អ និងមានការប្រាស្រ័យទាក់ទងគ្នាល្អជាមួយមិត្តរួមថ្នាក់ ហើយគាត់រស់នៅដោយឯករាជ្យនៅទីនេះ។ មិត្តរួមថ្នាក់ថា គាត់ពិតជាឆ្លាតខ្លាំងណាស់ ព្រោះគាត់អាចនិយាយបានច្រើនភាសា ហើយដំបូងពួកគេគិតថា សាលិក នៅក្មេងជាង ប៉ុន្តែក្រោយមកទើបពួកគេដឹងថា សាលិក មានវ័យប្រហាក់ហែលនឹងពួកគេ។ វាពិតជាអស្ចារ្យខ្លាំងណាស់ ដែលគាត់ជាសមាជិកនៃក្រុមគ្រួសារ និងទទួលបន្ទុកមួយផ្នែកក្នុងគ្រួសារទាំងវ័យក្មេង»

អ្នកគ្រូ Wang Yi បន្តថា បច្ចុប្បន្ន សាលិក កំពុងរៀនមូលដ្ឋានគ្រឹះនៃភាសាចិនរួមមាន Pinyin និងអក្សរចិន។ ទោះបីជាគាត់អាចនិយាយភាសាចិនបានល្អ តែគាត់នៅមិនទាន់អាចអានអក្សរចិនបានល្អនោះទេ។ Pinyin និង អក្សរចិន គឺជាមូលដ្ឋានគ្រឹះក្នុងការរៀនពាក្យ និងសរសេរអក្សរចិន ដែលគាត់កំពុងសិក្សាពីមូលដ្ឋានគ្រឹះ៕