(ភ្នំពេញ)៖ បេសកកម្មដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងដំណើរស្វែងរកកៅអីវគ្គបន្ដនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា(2022 FIFA World Cup qualification-AFC) មកដល់ហើយ ដោយត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងជើងទី១ នៃវគ្គជម្រុះដំបូង នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

ចំពោះការប្រកួតនេះ គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា លោក Felix G.Dalmas មិនបាននិយាយអ្វីច្រើននោះទេ គ្រាន់តែលោកបានសម្ដែងការជឿជាក់លើកីឡាករកម្ពុជា ដែលលោកជ្រើសរើស ហើយសង្ឃឹម ពួកគេនឹងខិតខំអស់ពីសមត្ថភាព ដើម្បីនាំមកនូវលទ្ធផលល្អជូនជាតិ និងភាពសប្បាយរីករាយជូនអ្នកគាំទ្រ ។ បន្ថែមលើនេះ លោកសង្ឃឹមថា អ្នកគាំទ្រ នឹងបន្ដចូលរួមទស្សនា និងលើកទឹកចិត្តការប្រកួតនេះឲ្យបានច្រើនផងដែរ ។

ឯលោក Jose Antonio Nogueira គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថាន បានលើកឡើងមុនការប្រកួតថា ក្រុមលោករីករាយ សម្រាប់ការមកដល់កម្ពុជា ហើយក៏បានត្រៀមខ្លួនរួចរាល់ ចំពោះការប្រកួតដ៏សំខាន់នេះដែរ ។ តែយ៉ាងណាលោកមិនអាចធ្វេសប្រហែស ចំពោះក្រុមម្ចាស់ផ្ទះឡើយ ហើយរឹតតែមិនអាចគិតថា មាឌ ឬកាយសម្បទារបស់ក្រុមខ្លួន មានអត្ថប្រយោជន៍ខ្លាំងសម្រាប់ក្រុមទៀតផង សំខាន់លោកផ្ដោតលើតាក់ទិច ភាពវ័យឆ្លាត និងបច្ចេកទេសលេងរបស់កីឡាករម្នាក់ៗប៉ុណ្ណោះ ។

សូមរំឮកថា ការប្រកួតជម្រុះដំបូង នៃព្រឹត្តិការណ៍ 2022 FIFA World Cup qualification-AFC រវាងក្រុមគោព្រៃកម្ពុជា និងប៉ាគីស្ថាន នឹងធ្វើឡើង ២ជើង ដើម្បីកាត់សេចក្ដី រកក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ ក្នុងនោះជើងទី១ ក្រុមទាំងពីរ ត្រូវជួបគ្នាលើទឹកដីកម្ពុជា នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ មុនកម្ពុជា ត្រូវធ្វើដំណើរទៅតតាំងជាមួយប៉ាគីស្ថាន ក្នុងជើងទី២ នាថ្ងៃទី១១ ខែមិថុនាខាងមុខ នៅប្រទេសកាតា ព្រោះប៉ាគីស្ថាន មិនមានស្ថេរភាពនយោបាយ អាចទទួលធ្វើម្ចាស់ផ្ទះផ្ទាល់បាន ៕