(ភ្នំពេញ)៖ យុវជនថ្នាលរបស់ក្លឹបបឹងកេតអែហ្វស៊ី កុមារា ប៉ិល សុសីហរាជ នឹងចេញទៅអឺរ៉ុប ដើម្បីទទួលការហ្វឹកហាត់ពីក្លឹបដ៏ធំនៅប្រទេសព័រទុយហ្គាល់ FC Benfica នេះបើតាមការបញ្ជាក់ពីក្លឹបបឹងកេតអែហ្វស៊ី នាថ្ងៃទី៥ ខែមីថុនា ឆ្នាំ២០១៩ ក្នុងសន្និសីទសារព័ត៌មាន។

កុមារាដែលត្រូវបានគេស្គាល់ថា William (ប៉ិល សុសីហរាជ) បានកើតឆ្នាំ២០០៨ លេង ជាខ្សែប្រយុទ្ធរបស់សាលាបាល់ទាត់បឹងកេត ក្រោមអាយុ ១២ឆ្នាំ (U12) ត្រូវបានគ្រូបង្វឹក និងម្ចាស់សាលាបាល់ទាត់នៅប្រទេសព័រទុយហ្គាល់ (Pro Direct Academy Portugal ) លោក Carlos Andre Oliveira និងលោក Joel Aaron ម្ចាស់ Aaron Sports Consulting មកជ្រើសរើសធ្វើតេស្តសមត្ថភាពដោយផ្ទាល់នៅប្រទេសកម្ពុជា កាលពីដើមខែមេសាកន្លងទៅ ហើយ William ត្រូវបានជ្រើសរើសយកទៅហ្វឹកហាត់នៅប្រទេសព័រទុយហ្គាល់ ក្នុងរយៈពេល១ខែ ចាប់ពីខែមិថុនា និងរៀនសូត្រនៅទីនោះផ្ទាល់តែម្តង។

កុមារា ប៉ិល សុសីហរាជ ក៏ជាកីឡាករកម្ពុជា ដំបូងក្នុងរដូវកាលនេះដែលត្រូវបានជ្រើសរើសឲ្យចូលលេង ក្នុងកម្មវិធីយុវជនរបស់ក្រុមដ៏ល្បីល្បាញនៃក្លឹប Benfica ហើយកម្មវិធីប្រចាំថ្ងៃរបស់ William នៅប្រទេសព័រទុយហ្គាល់ មានពេលព្រឹកម៉ោង ១០៖០០ ហាត់ជាមួយ Pro Direct ពេលរសៀលម៉ោង ៤៖០០ រៀនភាសាព័រទុយហ្គាល់ និងពេលល្ងាចម៉ោង ៧៖០០ ហាត់ជាមួយ Benfica។

កុមារា William ជាយុវជនថ្នាលរបស់បឹងកេតទី២ ដែលទទួលបានឱកាសចេញទៅហ្វឹកហាត់នៅអឺរ៉ុប បន្ទាប់ពី Dome ដែលបានទៅហ្វឹកហាត់នៅសាលាបាល់ទាត់នៃក្លឹប FC Barcelona នៅប្រទេសអេស្ប៉ាញ៕