(ភ្នំពេញ)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានចាត់ទុកកីឡាករខ្មែរ-កម្ពុជាក្រោម ដាវ នីម គឺជាខ្សែប្រយុទ្ធមានសមត្ថភាពម្នាក់របស់កម្ពុជា ដែលស័កិ្តសមលោកផ្ដល់ឱកាសឲ្យជាប់ជម្រើសជាតិ ហេតុនេះហើយទើបលោកកោះហៅរូបគេមកប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ជាមួយប៉ាគីស្ថាននាល្ងាចថ្ងៃទី០៦ ខែមិថុនាស្អែកនេះ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានថ្លែងក្នុងសន្និសីទមុនការប្រកួតកាលពីព្រឹកមិញថា «តួនាទីរបស់ ដាវ នីម លេងគឺមានការប្រកួតប្រជែងខ្លាំង ខណៈគាត់អាចលេងតំបន់ស្លាបបានដូចគ្នា។ ពួកយើងបានសង្កេតមើលការលេងរបស់គាត់ជាយូរមកហើយ គាត់មានគុណភាពខ្ពស់ ទាំងល្បឿន ទាំងកម្លាំង និងបច្ចេកទេសគ្រប់គ្រងបាល់ គឺធ្វើបានល្អ ហើយគាត់ពិតជាស័កិ្តសមនឹងទទួលបានឱកាសចូលជាផ្នែកមួយរបស់ជម្រើសជាតិ។ ប៉ុន្ដែមកទល់ពេលនេះ យើងមិនទាន់សម្រេចយក ២៣នាក់ ជាកីឡាកររូបណាខ្លះនោះទេ»

គួរដឹងថា ជាបណ្ដោះអាសន្នពេលនេះ ក្រុមជម្រើសជាតិកម្ពុជា គឺមានសមាជិកសរុប ២៦នាក់ បន្ទាប់ពីលោក កោះហៅកីឡាករ ស៊ិន កក្កដា បន្ថែមម្នាក់ទៀតកាលពីម្សិលមិញ។ ប៉ុន្ដែបុរសវ័យ ៣១ឆ្នាំរូបនេះ បានអះអាងថា នឹងធ្វើការចម្រាញ់កីឡាករឆ្នើមត្រឹម ២៣នាក់ប៉ុណ្ណោះ សម្រាប់ត្រៀមតតាំងជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាននាល្ងាចថ្ងៃព្រហស្បតិ៍ នៅលើទីលានពហុកីឡដ្ឋានជាតិ ក្នុងជើងទី១ នៃវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២២៕