(ភ្នំពេញ)៖ មាន​ដំណឹងដ៏សោកសៅ និងក្រៀមក្រំជាទីបំផុត សម្រាប់ក្រុមគ្រួសារកំពូលតារាកំប្លែង ដ៏មានប្រជាប្រិយភាពខ្លាំង ប្រចាំប្រទេសកម្ពុជា លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ខណៈដែលរូបលោកផ្ទាល់ រួមទាំងក្រុមគ្រួសារទាំងមូល កំពុងតែជួបទុក្ខជាទម្ងន់ ដោយអ្នកម្តាយជាទីស្រឡាញ់ និងគោរព បានទទួលមរណភាព ​ពោលគឺថ្ងៃទី៤ ខែមិថុនា នៅលើទឹកដី​សហរដ្ឋអាមេរិក។ ប៉ុន្តែគួរឲ្យសោកស្ដាយ នាយ ក្រឹម មិនបានទៅចូលរួម ក្នុងពិធីបុណ្យសពរបស់អ្នកម្ដាយ របស់លោកបាននោះទេ ដោយលោកសម្រេចចិត្ត បួសមុខភ្លើង នៅស្រុកខ្មែរ ដើម្បីកាន់ទុក្ខម្ដាយជាទីស្រឡាញ់ និងជាទីគោរព​របស់លោក។

យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់លោក ហេង ឡុង បានបង្ហោះនូវសារចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសាររបស់នាយ ក្រឹម ថា «សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសារបង អ៊ូ ប៉ុណ្ណារ៉ាត់ (ក្រឹម) ដែលបានបាត់បង់ អ្នកម្តាយជាទីគោរព និងជាទីស្រឡាញ់ ដោយលោកយាយ បានធ្វើមរណភាព កាលនៅវេលាម្សិលមិញ នៅសហរដ្ឋអាមេរិក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ សូមបួងសួង សូមឲ្យវិញ្ញាណក្ខន្ធ លោកយាយទៅកាន់ឋានសុគតិភព»

លោក ហេង ឡុង បានសរសេរបន្តថា «ពិតជាគួរឲ្យអាណិតបងតក្រឹមណាស់ ម្ដាយស្លាប់នៅអាមេរិក មិនអាចទៅចូលរួមបុណ្យបាន បានត្រឹមវីដេអូខលមើលមុខម្តាយជាលើកចុងក្រោយ គាត់សម្រេចចិត្តបួសមុខភ្លើង នៅស្រុកខ្មែរ ដើម្បីកាន់ ទុក្ខម្ដាយជាទីស្រឡាញ់របស់គាត់»

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាបង្ហាញនូវអារម្មណ៍ក្តុកក្តួល ក៏ដូចជាតក់ស្លុត ចំពោះការបាត់បង់សមាជិកគ្រួសាររបស់ តារាកំប្លែងនាយក្រឹម គឺអ្នកមានគុណ ឬអ្នកម្តាយជាទីស្រឡាញ់ ដែលបានលាចាកលោកចោលកូនចៅ ចាប់ពីថ្ងៃនេះទៅហើយ ក្នុងនោះអ្នកលេងបណ្តាញសង្គម និងអ្នកគាំទ្រជាច្រើន បានធ្វើការចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសពផងដែរ ។

គួរបញ្ជាក់ថា ម្ដាយរបស់តារាកំប្លែង លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ៕