(ភ្នំពេញ)៖ មហាជន និងអ្នកដំណើរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទទួលបានដំណឹងថា មានជនជាតិចិនម្នាក់បានបើករថយន្ត Lexus RX350 បុកកង់បីឥណ្ឌាពេញមួយទំហឹង ហើយក្រោយមកទើបដឹងថានៅក្នុងរថយន្តនោះ គ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលដើមហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់បានកណ្ដាលក្រុងបែបនេះ គឺដោយសារតែស្មារតីដ៏មោះមុត និងភាពអង់អាចក្លាហានរបស់មន្រ្តីសមត្ថកិច្ច ដែលប្រចាំការនៅតំបន់នោះ គឺប៉ូលិសចរាចរណ៍កូនភ្លោះ មានឈ្មោះល្បីក្នុងពិភពសម្ដែង លោក ស៊ិន សុភ័ក្រ្ត ជាអ្នកដេញចាប់យ៉ាងប្រផិតប្រភីងពីក្រោយ។

អ្វីដែលជាការពិតជាក់ស្ដែង បានបង្ហាញថា សកម្មភាពដេញចាប់ជនជាតិចិន បង្កគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវបានមន្រ្តីប៉ូលិសចរាចរណ៍កូនភ្លោះ មានឈ្មោះល្បីកន្លងមកធ្លាប់បើកផ្លូវអោយឡានពេទ្យសង្ត្រោះបន្ទាន់ បានដេញតាម រយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដោយ តាំងពីកន្លែងកើតហេតុដំបូង រហូតដល់ចាប់ជនបង្កបាន ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ គឺនៅក្នុងរថយន្តជនបង្ក មាន​ផ្ទុកគ្រឿងញៀនប្រមាណ៦គីឡូក្រាម ហាក់បីដូចជាជនជាតិចិនរូបនេះ ដឹកគ្រឿងញៀនលក់ដោយសេរី គ្មានខ្លាចញញើតនឹងសមត្ថកិច្ចខ្មែរ សូម្បីតែបន្តិច ប្រៀបបីដូចជាដឹក ត្រី សាច់ បន្លៃ លក់តាមផ្សារទៅហើយ។

នៅក្នុងបណ្ដាញសង្គមមួយមានឈ្មោះថា «អ៊ី បញ្ញា» បានសរសេររៀបរាប់ពីសកម្មភាពរបស់ ប៉ូលិសចរាចរណ៍កូនភ្លោះ មានឈ្មោះល្បីនោះថា «បងប្អូនប្រិយមិត្ដចាំទេ! បង ស៊ិន សុភ័ក្រ្ភ ជាវីរៈបុរស សម្រួលឡានពេទ្យដឹកអ្នកជំងឺបន្ទាន់បានដែរឬទេ និងបង ស៊ិន សុភ័ក្រ្ត ប៉ូលិសចរាចរណ៍ចិត្តធម៌? My idol ប៉ូលិសកូនភ្លោះ ប្អូនពិតជាមានមោនភាពណាស់ ដែលពួកបងតែងតែជួយសង្គម។ លើកនេះបងបានជួយសង្គមទៀតហើយ ដោយជួយដេញចាប់ទ្បានចិនបង្កគ្រោះថ្នាក់ចរាចរណ៍ បានហើយនោះ អ្វីដែលគួរឲ្យមហាជនចាប់អារម្មណ៍នោះ គឺ​ក្នុងរថយន្ដមានដឹកគ្រឿងញៀន ចំនួន ៦គីទ្បូក្រាម​!»

ហ្វេសប៊ុកដដែលបានបញ្ជាក់ទៀតថា «ប្រសិនជាជនជតិចិនដឹកគ្រឿងញៀន ៦គីទ្បូក្រាមថ្ងៃនេះ ចុះបើបងប៉ូលិសចរាចរណ៍ចាប់ជនជាតិចិននោះ មិនបានទេ តើ ៦គីទ្បូគុណនឹង៣០ថ្ងៃ នៃចំនួនដឹកប៉ុន្មាន? ហើយក្មេងៗ ជំនាន់ក្រោយក្លាយទៅជាយ៉ាងណា?​ ហើយហួសចិត្តត្រង់ថា អត្ថបទអ្នកព័ត៌មាន ម៉េចក៏សរសេរអត្ថបទមិនដាក់ឈ្មោះ My idol ដេញចាប់បាន! ហេតុអីបានយកអ្នកផ្សេងមកសរសេរថា ជាអ្នកចាប់ទៅវិញ? Share 1 ដើម្បីលើកចិត្តគាត់ទាំងអស់គ្នា!​!»

ទោះបីជាយ៉ាងណា ងាកមកមើលញគណនីហ្វេសប៊ុក របស់លោក ស៊ិន សុភ័ក្ត្រ ដែលជាអ្នកឃើញហេតុការណ៍ដំបូង និងដេញចាប់ជនបង្កបាននោះវិញ បានសរសេរយ៉ាងខ្លីថា «តួនាទីកងកំលាំងទេប្អូន គេដាក់ឈ្មោះអីឲ្យគេដាក់ទៅ»

សូមបញ្ជាក់ថា តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត​ហេតុ គេបាន​ឃើញ​បុរសម្នាក់ និង​ស្ត្រីម្នាក់បានបើករ៉ឺម៉កកង់បី​​ឥណ្ឌា ពណ៌ក្រហម ​ពាក់ស្លាកលេខ ​ព្រៃវែង ​១M-១៥៧៤ ធ្វើ​ដំណើរ តាមបណ្ដោយមហាវិថីព្រះនរោត្តម ​ទិសដៅពីកើតទៅលិច ​បានឈប់រងចាំស្តុប ខណៈពេល​នោះ ក៏ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក​Lexus RX350 ពណ៌ខ្មៅ ពាក់​ស្លាកលេខ​ 2AW-៤៣៣២ បើកបរដោយបុរសជនជាតិម្នាក់ បាន​ធ្វើដំណើរមកពីក្រោយបុកពេញ​ទំហឹង ​អូសរ៉ឺម៉កកង់បី​ ជាច្រើនម៉ែត្របណ្ដាលឲ្យ​ក្រឡាប់រងរបួសធ្ងន់ ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ រថយន្តបង្ក​ បានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាង​ ផ្លូវលេខ១៣៦ ទើបត្រូវបាន​ប្រជាពលរដ្ឋដេញ​និងសមត្ថកិច្ចឃាត់​បានតែម្តង។

ប៉ុន្តែនៅពេលដែលសមត្ថកិច្ច បាននាំខ្លួនជនបង្ក​ ​ដែលជាជនជាតិចិន​ បើករថយន្តម៉ាក Lexus RX350 ​ពណ៌ខ្មៅតែពាក់ស្លាកលេខក្លែងក្លាយ នោះមកដល់អធិការដ្ឋាននគរបាល​ខណ្ឌដូនពេញ​ និងបានធ្វើការឆែកឆេទើបប្រទះឃើញគ្រឿងញៀនមួយកាតាប​ប្រមាណ​ជាង៦គីឡូក្រាម​​៕