(ឥណ្ឌា)៖ ពិតជាគួរឲ្យស្ងើចសរសើរទៅដល់ស្រ្ដីជនជាតិឥណ្ឌាម្នាក់ ដែលហ៊ានតបតជាមួយចោរ ខ្មាន់កាំភ្លើង ដែលបម្រុងប្លន់យកគ្រឿងអលង្ការនៅនឹងខ្លួនរបស់នាង អំឡុងពេលដែលនាងឈរនៅមុខផ្ទះរបស់នាង ក្នុងតំបន់ Lucknow ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៩ ខែឧសភាថ្មីៗនេះ។

តាមការឲ្យដឹងពីសារព័ត៌មាន CGTN បានឲ្យដឹងថា មានជនដៃដល់ចំនួន ២នាក់ បានជិះម៉ូតូ ១គ្រឿង មកចតនៅមុខផ្ទះ​របស់ស្រី្ដជនជាតិឥណ្ឌាខាងលើ ហើយភ្លាមៗនោះដែរបុរសម្នាក់ទៀត ក៏ចាប់ផ្ដើមសកម្មភាពភ្ជង់ទៅលើស្រ្ដីជនរងគ្រោះតែម្ដង។ ជាសំណាងល្អ ស្រ្ដីរងគ្រោះមានស្មារតីនឹងនរ អាចតតាំងជាមួយនឹងចោរ ដោយនាងបានវាយទៅលើបុរសរូបនោះ ទាំងដៃទទេរ គ្មានកាន់អាវុធអ្វីទាំងអស់។ អ្វីដែលគួរឲ្យស្ងប់ស្ងែងទៅលើរូបនាងនោះ គឺនៅពេលដែលចោរតម្រង់កាំភ្លើងទៅចំរូបខ្លួនហើយនោះ នាងបែរជាហ៊ានតដៃជាមួយនឹងខ្មាន់កាំភ្លើង។

វីដេអូមួយនេះមានអ្នកចូលរួមទស្សនាយ៉ាងច្រើន ហើយមហាជនបានស្ងោចសរសើរទៅដល់ស្រ្ដីជនជាតិឥណ្ឌានោះជាខ្លាំង ដែលហ៊ានតបតជាមួយចោរ៕