(ភ្នំពេញ)៖ ក្រុម ISI United បាននឹងកំពុងបញ្ចប់ក្ដីរំពឹងរបស់ក្រុម Avatar ក្នុងការពារពារតំណែងជើងឯកពានរង្វាន់ Keller Williams Cambodia League 2019 បន្ទាប់ពីក្រុមចំណូលថ្មីមួយនេះ បានបន្ដយកឈ្នះគូប្រជែង Bayon Wanderers ក្នុងលទ្ធផល ១-០ នៃសប្ដាហ៍ទី១២ ចុងសប្ដាហ៍មុន។

ទោះបីក្នុងសប្ដាហ៍ជាមួយគ្នា ក្រុម Avatar បានយកឈ្នះក្រុម Khmer United-B ដោយលទ្ធផល ៧-១ ខណៈសល់ការប្រកួតសន្សំពិន្ទុ ៣សប្ដាហ៍ទៀតក្ដី ប៉ុន្ដែ Avatar បានបង្ហោះសារអស់សង្ឃឹមក្នុងការការពារតំណែងជើងឯកទៅហើយ បន្ទាប់ពី Bayon Wanderers ដែលគេចាត់ទុកជាឧបសគ្គធំរបស់ ISI United ត្រូវបានបរាជ័យក្រោមថ្វីជើងក្រុម ISI ១-០ លើទីលាន KMH Park។

ជាបណ្ដោះអាសន្ន ISI កំពុងឈរកំពូលតារាង និងមាន ៣៤ពិន្ទុ ជាមួយលទ្ធផល ១២ប្រកួត ឈ្នះ១១ និងស្មើ១ មិនទាន់ស្គាល់ចាញ់ ខណៈ Avatar ឈរលេខ២ និងមាន ៣៣ពិន្ទុ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យ Avatar បាត់បង់ក្ដីរំពឹង ក៏ព្រោះគូប្រជែង ៣ប្រកួតចុងក្រោយរបស់ក្រុម ISI United មិនមែនជាឧបសគ្គរបស់ពួកគេឡើយ ដូចជាក្រុម Mambo PP, Anvaya និងក្រុមគ្រួសារកីឡាតាំងគោកជាដើម។

ប៉ុន្ដែទោះបី ISI កំពុងស្ថិតលើផ្លូវឆ្ពោះទៅឈ្នះពានក្ដី តែក្រុមឈរលេខ២ ដល់លេខ៥ ក៏មានឱកាសប្រជែងពានតូច ឬពាន KW Cambodia Cup ដែរ។ សម្រាប់ក្រុមឈរលេខ២ ដល់លេខ៥ ដែលជាបណ្ដោះអាសន្នពេលនេះ ក្រៅពីក្រុម Avatar គឺមានក្រុម Riel PP ឈរលេខ៣ បន្ទាប់ពីយកឈ្នះក្រុមប្រាសាក់ ២-១, Khmer United-A ឈរលេខ៤ ក្រោយយកឈ្នះក្រុមទន្សោង ៣-០ និងក្រុម Bayon Wanderers ឈរលេខ៥៕