(ភ្នំពេញ)៖ ជារឿងមោទនភាពយ៉ាងខ្លាំង ចំពោះក្រុមចុងភៅកម្ពុជា ដែលបានដណ្តើរជ័យជំនះក្នុងកម្មវិធី ប្រកួតចុងភៅឆ្នើម មុខម្ហូបអាស៊ី នៅប្រទេសថៃ។ ក្រុមអ្នកធ្វើម្ហូបរបស់សមាគមចុងភៅកម្ពុជាចំនួន៣២រូប បានធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសថៃ មកដល់ខេត្តសៀមរាបវិញ ដោយទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូនខេត្តសៀមរាប ក្រោយចូលរួមប្រកួតប្រជែងចុងភៅឆ្នើម អាហារអាស៊ី (Best Asian Gourmet Challenge) ឆ្នាំ២០១៩ អស់រយៈពេល១សប្តាហ៍ ដោយបាននាំមកជាមួយពានរង្វាន់ជាច្រើនមកមាតុភូមិ។

ងាកមកមើលពីទិដ្ឋភាពនៃការត្រឡប់មកវិញ របស់ក្រុមចុងភៅកម្ពុជា ដែលបាននាំយកពានមាស ពីកម្មវិធី Best Asian Gourmet Challenge មកកាន់មាតុភូមិពេលនេះ គឺមានពិធីដង្ហែនូវ ពានមាសជ័យលាភី តាមក្បួនរថយន្ត ម៉ូតូ ដោយមានសមាជិកសមាគមចុងភៅកម្ពុជា មន្ត្រីរាជការ គរុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស ប្រមានជាង ១ពាន់នាក់ចូលរួម ដោយអមទៅដោយម៉ូតូប៉ូលីស និង ក្រុមឆៃយ៉ាំកំដរ ដង្ហែទៅតាមបណ្តាដងវិថីនានាក្នុង ក្រុងសៀមរាប ក្នុងការបង្ហាញភាពជោយជ័យរបស់សមាគមចុងភៅកម្ពុជា ជូនដល់ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងមហាជនក្នុងខេត្ត តាមរយៈនៃការចូលរួមប្រគួតប្រជែងនោះ បណ្តាប្រទេសក្នុងតំបន់ត្រូវបានចាប់អារម្មណ៍ចំពោះរសជាតិម្ហូបខ្មែរ។

កម្មវិធីនេះ ប្រកួត ចុងភៅឆ្នើម មុខម្ហូបអាស៊ី ២០១៩ មានការចូលរួមពីប្រទេសថៃ កម្ពុជា ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ាកាវ ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហបូរី និងប៉ាគីស្ថាន ដែលការប្រកួតឆ្នាំនេះ គឺមានចុងភៅល្បីៗចំនួន ១,៣១៩នាក់ បានចុះឈ្មោះប្រកួត ចំពោះការចូលរួមប្រកួតជាក់ស្ដែង មាន៨៨៩នាក់។

គួរជម្រាប់ថា ម្ហូប និងបង្អែមខ្មែចំនួន១០មុខ ដែលបានជាប់ចំណាត់ថ្នាក់ និងទទួលពាន មានដូចជា៖ ញ៉ាំក្រូចថ្លុងជាមួយកំពឹសទន្លេ, អាម៉ុកត្រី, ការីសាច់មាន់, សាច់គោអាំងទឹកប្រហុក, កង្កែបឆាម្រេចកំពត, សម្លប្រហើរ, ខប៉េងប៉ោះ, គ្រំបំពងជ្រក់ស្វាយ, បាយសម្រូបសណ្ដែកខ្មៅ, និងសង់ខ្យាល្ពៅ។ សម្រាប់ការប្រកួតប្រជែករយៈពេល៥ថ្ងៃ នៅប្រទេសថៃនេះ ក្រុមចុងភៅខ្មែរចំនួន៣២នាក់ បានដណ្ដើមជ័យលាភី ជាពាន់រង្វាន់១គ្រឿង និងមេដៃមាស ៣គ្រឿង, មេដៃប្រាក់ ៦គ្រឿង និងមេដៃសំរឹទ្ធ ១៧គ្រឿង៕