(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ G-PARK Youth Cup U-15 លើកទី១ របស់ក្លឹបបាល់ទាត់វិសាខា បានបញ្ចប់ការប្រកួតជម្រុះតាមខេត្តហើយ ស្របពេលខេត្តព្រះសីហនុ បានយកឈ្នះក្រុមយុវជនខេត្តកំពត ៤-៣ ដើម្បីបន្ដដំណើរទៅជុំផ្ដាច់ព្រ័ត្រដែលគ្រោងរៀបចំការប្រកួត នៅកីឡដ្ឋានវិសាខានាពេលឆាប់ៗខាងមុខ។

ចំពោះខេត្តព្រះសីហនុ និងខេត្តកំពត ក៏មិនខុសពីប្រកួតមុនៗដែរ ក្រុមទាំងពីរបានជួបគ្នា ២ជើង ដើម្បីប្រជែងកៅអីវគ្គបន្ដ។ ជាលទ្ធផលជើងទី១ ប្រកួតលើទឹកដីព្រះសីហនុ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២។ ប៉ុន្ដែប្រកួតកាត់សេចក្ដីជើងទី២ លើទឹកដីខេត្តកំពត បែរជាក្រុមភ្ញៀវយកឈ្នះក្រុមម្ចាស់ផ្ទះ ២-១ ទៅវិញ។ សរុបលទ្ធផល ខេត្តព្រះសីហនុ ឈ្នះខេត្តកំពត ៤-៣។

តាមរយៈជ័យជម្នះខាងលើ បានធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាខេត្តទី៥ ដែលដណ្ដើមបានកៅអីជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំនេះ បន្ទាប់ពីក្រុមយុវជនខេត្តបន្ទាយមានជ័យ, ខេត្តកំពង់ឆ្នាំង, ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ដែលបានយកឈ្នះលើគូប្រជែងរៀងៗខ្លួនក្នុងវគ្គជម្រុះតាមខេត្តកាលពីពេលថ្មីៗកន្លងទៅនេះ។

ក្រោយរកឃើញបេក្ខភាពជុំផ្ដាច់ព្រ័ត្រ ៥ក្រុមខាងលើ គណៈកម្មការកំពុងធ្វើការវិនិច្ឆ័យលើក្រុមចាញ់ចំនួន ៥ក្រុម គឺខេត្តបាត់ដំបង, កណ្ដាល, ក្រចេះ, កំពង់ចាម និងខេត្តកំពត ដើម្បីចម្រាញ់យកក្រុមចាញ់ តែធ្វើបានល្អជាងគេ ១ក្រុម ឡើងទៅបង្គ្រប់វគ្គ ៦ក្រុមចុងក្រោយ។ បន្ទាប់មកគណៈកម្មការ នឹងបែងចែកជា ២ពូល ក្នុង១ពូលមាន ៣ក្រុម ដើម្បីប្រកួតប្រជែង និងចម្រាញ់រកក្រុមជើងឯក នៅកីឡដ្ឋានវិសាខាតែមួយគត់៕