(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅល្ងាចថ្ងៃទី៤ ខែមិថុនា បាននាំយកថវិកាទទួលបានពីការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៨ ឆ្នាំ២០១៨ ចំនួន ១០,០០០ដុល្លារ បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកជួយដល់កុមារ និងសង្គមជាតិកម្ពុជា។

អគ្គលេខាធិការ NOCC ខាងលើបញ្ជាក់ថា ថវិកានេះសល់ពីការរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ កាលពីឆ្នាំ២០១៨។ ប៉ុន្ដែជារៀងរាល់ឆ្នាំ NOCC តែងផ្ដល់ថវិកាទទួលបានពីព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវការថវិកាជាច្រើនសម្រាប់ព្យាបាលកុមារដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ។ ហេតុនេះទើប NOCC ក្នុងនាមចលនាអូឡាំពិកកម្ពុជានៅកម្ពុជា បានចូលរួមចែករំលែក ដើម្បីជួយដល់កូនខ្មែរទាំងអស់គ្នា។

ការប្រគល់ថវិកាសប្បុរសធម៌ពេលនេះដែរ ស្របពេលទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ ខិតជិតនឹងចូលមកដល់ផងដែរ គឺនៅថ្ងៃទី១៦ ខែមិថុនាខាងមុខ។ ហេតុនេះលោកសង្ឃឹមថា ឆ្នាំ២០១៩ គណៈកម្មការរៀបចំនឹងទទួលបានថវិកាកើនឡើងបន្ថែមទៀត សម្រាប់រួមចំណែកជួយដល់សង្គម ពិសេសមន្ទីរពេទ្យគន្ធបុប្ផា ដោយសារបច្ចុប្បន្នមាន ការចុះឈ្មោះចូលរួមរត់កំពុងមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ទាំងភ្ញៀវជាតិ និងអន្ដរជាតិ។

លោកបន្ដថា «ឥឡូវនេះ អ្នកចុះឈ្មោះត្រៀមរត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី៩ កើនដល់ជិត ៥ពាន់នាក់ហើយ។ ទម្រាំយើងបើកទទួលចុះឈ្មោះផ្ទាល់ នៅមុខព្រះបរមរាជវាំងចាប់ពីថ្ងៃទី០៧-១៥ ខែមិថុនា យើងសង្ឃឹមថា បានអ្នកឈ្មោះ ១ពាន់នាក់ទៀត។ ចឹងយើងឃើញការចូលរួមឆ្នាំនេះ លើសពីឆ្នាំមុនច្រើន។ ដូច្នេះយើងរំពឹងការចូលរួមកាន់តែច្រើន យើងទទួលបានចំណូលច្រើន ហើយផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាកាន់តែច្រើនថែមទៀត»

ទន្ទឹមជាមួយគ្នា តំណាងមន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលតែងបរិច្ចាគថវិកា និងបន្ដគាំទ្រសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាជារៀងរាល់ឆ្នាំផងដែរ។

ចំពោះគោលបំណងសំខាន់នៃការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ នាពេលឆាប់ៗខាងមុខ គឺដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, រត់ដើម្បីទីក្រុងស្អាត-បៃតង រត់ដើម្បីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា។ វិញ្ញាសារត់ រួមមាន ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ៕