(ភ្នំពេញ)៖ ក្រៅពីទស្សនិកជនបានរីករាយស្តាប់កំសាន្តអារម្មណ៍ ជាមួយនឹងចម្រៀងពិរោះៗគ្រប់ទម្រង់ក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ហើយនោះ ក្នុងសប្តាហ៍នេះពិតជាប្លែកអារម្មណ៍ និងមើលទៅពិតមានភាពកក់ក្តៅ និងសប្បាយរីករាយយ៉ាងខ្លាំង ខណៈកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» បានរៀបចំពិធីហូបនំបញ្ចុករួមគ្នាយ៉ាងរីករាយ។ រឹងតែពិសេសជាងនេះ ទស្សនិកជនសង្កេតឃើញថា ទាំងក្រុមការងារ និងតារាកិត្តិយស មើលទៅម្នាក់ៗញញឹមបិទមាត់មិនជិតតែម្តង ពេលបានហូបនំបញ្ចុករួមគ្នា បង្ហាញពីការសាមគ្គីភាព និងឯកភាពជាតិ។

ជាការពិតកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» គឺជាកម្មវិធីមួយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង និងតែងមានតារាកិត្តិយសជំនាន់ចាស់ថ្មីមកប្រមូលផ្តុំគ្នាបកស្រាយចម្រៀងគ្រប់ទម្រង់ ទាំងប្រពៃណី និងសម័យ។ ដោយឡែក មុននេះបន្តិចស្រាប់តែកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» បានបង្ហោះវីដេអូក្រៅឆាកមួយចំនួន បង្ហាញពីជំនួបជួបជុំហូបនំបញ្ចុកខ្មែររួមគ្នាទាំងក្រុមការងារ និងតារាកិត្តិយស ធ្វើឲ្យទស្សនិកជន និងមិត្តក្នុងបណ្តាញសង្គមឃើញហើយសឹងស្រក់ទឹកមាត់។

ក្នុងនោះគេសង្កេតឃើញមានវត្តមានតារាល្បីៗ ដែលជាតារាកិត្តិយសដូចជាកញ្ញា សួស វីហ្សា, លោក ថមមី, កញ្ញា នាង គន្ធា, តន្ត្រីករ សុធី ឡយ, នាយ ក្រួច, អ្នកនាង ឆោម ឆពុំ និងលោក អ៊ុក ណារីន ជាដើម ដែលចូលរួមការញ៉ាំនំបញ្ចុកសាមគ្គីនេះ។ ដោយគាំទ្រ និងអនុវត្តនូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានោះ គណបក្សប្រជាជនកម្ពុជា បានប្រកាសអំពីការរៀបចំពិធីហូបនំបញ្ចុកនៅគ្រប់មូលដ្ឋាន ដែលមានឈ្មោះថា «នំបញ្ចុកតេជោសន្តិភាព» នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបញ្ជាក់អំពីសាមគ្គីភាព និងឯកភាពជាតិ៕