(ភ្នំពេញ)៖ ក្រុមជម្រើសជាតិប៉ាគីស្ថាន បានធ្វើដំណើរមកដល់ហើយ កាលពីយប់មិញ ដើម្បីត្រៀមជួបក្រុមជម្រើសជាតិកម្ពុជា ក្នុងជើងទី១ សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា(2022 FIFA World Cup qualification-AFC) នាថ្ងៃទី០៦ ខែមិថុនាខានស្អែកនេះ ។

ជាមួយនឹងការមកដល់របស់ក្រុមប្រជុំដោយកីឡាករកូនកាត់នេះ គឺស្របពេលក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង នៅលើទីលាន AUPP កាលពីយប់មិញផងដែរ ដែលដឹកនាំផ្ទាល់ដោយលោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា ។

ការធ្វើដំណើរមកតតាំងជាមួយក្រុមគោព្រៃកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ ក្រុមជម្រើសជាតិប៉ាគីស្ថាន បានចម្រាញ់កីឡាករត្រឹម ២០នាក់ប៉ុណ្ណោះ ។ តែអ្វីដែលឲ្យគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមសមាជិកក្រុមជម្រើសជាតិប៉ាគីស្ថាននេះ មានកីឡាករកូនកាត់ចំនួន ១២នាក់ឯណោះ សុទ្ធតែកំពុងប្រកបអាជីពនៅអឺរ៉ុប ។

សូមរំឭកថា កម្ពុជា និងប៉ាគីស្ថាន នឹងត្រូវជួបគ្នា ២ជើង ដើម្បីចម្រាញ់ក្រុមខ្លាំង ឡើងទៅប្រកួតជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ។ សម្រាប់ជើងទី១ កម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ហើយត្រៀមបើកទ្វារផ្ទះទទួលប៉ាគីស្ថាន នាថ្ងៃទី០៦ ខែមិថុនាខាងមុខ លើទីលានពហុកីឡដ្ឋានជាតិ ខណៈជើងទី២ នឹងប្រកួតនាថ្ងៃទី១១ ខែដដែល នៅទីក្រុងដូហា ប្រទេសកាតា៕