(ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរវគ្គសន្សំប្រាក់លានក្នុងកម្មវិធីដណ្តើមប្រាក់លាន ភេសជ្ជៈវើក នៃសប្តាហ៍ទី១ ក៏បានរកឃើញអ្នកឈ្នះក្នុងការប្រកួតគូពិសេសសន្សំប្រាក់លានមិត្តភាពជាតិ ដំបូងដោយកីឡាករ ជ័រ ពៅ បានឈ្នះកីឡាករ សូត្រ ខេវិន ក្នុងទឹកទី៣ នៃប្រភេទទម្ងន់ ៦០គីឡូក្រាមនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នាសង្វៀនបាយ័នស្ទឹងមានជ័យ។

ការប្រកួតគូមិត្តភាពអន្តរជាតិសន្សំប្រាក់លាន ក្នុងសប្តាហ៍ទី១ ក្នុងនោះកីឡាករ អ៊ូច ធារិទ្ធ ក៏បានយកឈ្នះកីឡាករមីយ៉ាន់ម៉ា ផាដាំ ផាយ៉ាក់សមុយយីម។ ក្នុងជំនួបដ៏ស្វិតស្វាញ រវាងកីឡាករទាំងពីរបានត្រឹមទឹកទី៣ ប៉ុណ្ណោះ ដោយកីឡាករ អ៊ូច ធារិទ្ធ ប្រើក្បាច់ទាត់ដែលធ្វើឲ្យកីឡាករមីយ៉ាន់ម៉ា មិនអាចបន្តការប្រកួតបានទៀត ហើយ អ៊ូច ធារិទ្ធ ក៏ទទួលបាន ៦០ម៉ឺនរៀលពីលើតម្លៃខ្លួនបន្ថែម រឺឯមួយគូទៀត រវាងកីឡាករ នី សុភី បានវាយចាញ់កីឡាករថៃ ឃនផែន ផ្រាន២៦ ដោយពិន្តុ។

គួរបញ្ជាក់ផងថា ក្នុងថ្ងៃបើកកម្មវិធីប្រកួតប្រដាល់សន្សំប្រាក់លាន ភេសជ្ជៈវើក ក៏ត្រូវបានលោក នាង ស៊ីវុន្ថា លើកឡើងថា នេះជាកម្មវិធីដែលអាចបង្កើនសមាសភាពកីឡាករកម្ពុជា ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ដែលរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍នៅសង្វៀនបាយ័នស្ទឹងមានជ័យតែម្តង៕