(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៧ឆ្នាំរបស់វិសាខា បានគ្រងតំណែងជើងឯកពានរង្វាន់ KMH Cup U18 រដូវកាលទី២ ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម U18 បឹងកេតអែហ្វស៊ី ក្នុងលទ្ធផល ៣-១ នាដើមខែមិថុនានេះ។

ការប្រកួតវគ្គដ៏សំខាន់នេះ ក្រុមទាំងពីរបានបញ្ចប់វគ្គទី១ ជាមួយលទ្ធផលស្មើគ្នា ០-០ ប៉ុន្ដែចូលវគ្គទី២ U17 វិសាខា ធ្វើបានយ៉ាងល្អ ដោយបានបំប៉ោងសំណាញ់ទីក្រុម U18 បឹងកេត ចំនួន ៣គ្រាប់ជាបន្ដបន្ទាប់ដោយកីឡាករ សរ សាមុត នៅនាទី៤៧, កីឡាករ ឡេង ណូរ៉ា នៅនាទី៥៣ និង ១គ្រាប់ទៀត រកបានដោយកីឡាករ សេង សុថែ ខណៈ ១គ្រាប់របស់ U18 បឹងកេត រកបាននៅនាទីចុងម៉ោង។

នេះគឺជាពានដំបូងដែលក្រុមយុវជន U17 វិសាខា ដណ្ដើមបាន បន្ទាប់ពីក្រុមក្មេងខ្ចីមួយនេះចាប់ផ្តើមបង្កើតបានជាង ៧ខែ៕