(ភ្នំពេញ)៖ តារាសម្ដែងប្រុសរូបសង្ហា មានឈ្មោះថា ប្រុសខួច ដែលកំពុងទទួលបានប្រជាប្រិយភាពពីសំណាក់ស្រទាប់យុវវ័យ តាមរយៈទេពកោសល្យនៃការសម្ដែងទាំងរឿងភាគ រឿងអប់រំ និង វីដេអូចម្រៀងរបស់តារាចម្រៀងល្បីៗ ជាពិសេស​គឺការចូលរួមសម្តែងរឿង «ដៃគូជីវិត» ដែលល្បីថ្មីៗនេះ រឹងតែធ្វើឲ្យប្រុសខួច មានទីផ្សារ និងទទួលបានការគាំទ្រច្រើនឡើងពីមហាជន។ មិនត្រឹមតែជាតារាមានប្រជាប្រិយភាពនោះទេ លោក ប្រុស ខួច ក៏ជាមនុស្សរួសរាយមិនឆ្មើងឆ្មៃ និងមានស្នាមញញឹមជានិច្ច ធ្វើឲ្យនារីជាច្រើនលង់ស្នេហ៍ផងដែរ។ ក្រៅពីបង្ហាញជីវិតសប្បាយរីករាយ ក្នុងនាមជាតារាសម្តែង ប្រុសខួច ថ្មីៗនេះ បានបង្ហាញពីបទពិសោធ រឿងអតីតកាល ជីវិតកុមារភាព ធ្លាប់រស់នៅមណ្ឌលកុមារកំព្រា និងចែករំលែកជីវិតតស៊ូដល់ទស្សនិជនឲ្យបានដឹងផងដែរ។

ថ្មីៗនេះតារាសម្ដែង ប្រុស ខួច បានបង្ហោះរូបភាពមួយចំនួនជាមួយនឹងក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា ភ្ជាប់ដោយស្នាមញញឹមលើផ្ទៃមុខ ជាមួយនងក្ដីសុខ ភាពកក់ក្តៅ ភ្ជាប់ជាមួយនឹងសារមានអត្ថន័យថា «ពីមុនក៏ធ្លាប់ជាមនុស្សរស់នៅ មណ្ឌលកុមារកំព្រាដែរ»។ តាមរយៈសារនេះ បានបង្ហាញថា លោកមិនលាក់ប្រវត្តិផ្ទាល់ខ្លួនឡើយ និងមានបំណងចង់ឲ្យទស្សនិកជនដឹងថា លោកធ្លាប់តស៊ូ ឆ្លងការនៅការលំបាក ទំរាំល្បី មានការងារល្អធ្វើមកទល់នឹងបច្ចុប្បន្ននេះ។

ពាក់ព័ន្ធនឹងរឿងនេះ តារាសម្តែង ប្រុសខួច បានថ្លែងប្រាប់ Fresh News និង KhmerTalking ថា សម្រាប់មណ្ឌលកុមារកំព្រាដែលលោកទៅលេងថ្មីៗនេះ និងធ្លាប់រស់នៅកាលពីកុមារភាព គឺស្ថិតនៅខេត្តបន្ទាយមានជ័យ និងមានអនុស្សាវរីយ៍រស់នៅទីនោះ ប្រហែលជាង ៧ឆ្នាំមកហើយ តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ។ ​លោកថា មូលហេតុដែលបណ្តាលឲ្យលោកទៅរស់នៅមណ្ឌលកុមារកំព្រាគឺ មិនមែនគ្មានក្រុមគ្រួសារ ឬសាច់ញាតិអ្វីទេ មូលហេតុក៏ព្រោះតែឪពុកម្តាយបែកបាក់គ្នា ម៉្យាងឪពុកពិការផង ហើយដើម្បីកាត់បន្ថមជីវភាពគ្រួសារ ទើបតម្រូវឲ្យលោករស់នៅមណ្ឌលតែម្តង។

តារាសម្តែងប្រុសរូបនេះ បានបន្ថែមថា ជីវិតរស់នៅមណ្ឌលកុមារកំព្រា គឺលោករៀនបានច្រើនណាស់ ព្រោះនៅទីនោះបង្រៀនឲ្យចេះធ្វើការងារគ្រប់យ៉ាង ទាំងការតស៊ូ លំបាក ភាពនឿយហត់ និងការសប្បាយរីករាយ ជាពិសេសចេះ ឲ្យតម្លៃគ្នា ជួយគ្នាទៅវិញទៅមកប្រៀបបានគ្រួសារតែមួយ។ បន្ថែមពីនេះ ភាពលំបាក ជីវិតកាលពីកុមារភាព បានធ្វើឲ្យលោកប្រឹងប្រែង និងយល់ដឹងច្រើនពីជីវិតរស់នៅ ការចេះអត់ធ្មត់ ដើម្បីបង្ហាត់បង្រៀនកុំឲ្យចុះចាញ់ ពេលជួបបញ្ហានៅថ្ងៃមុខ។

ប្រុសខួច បានសង្កត់ធ្ងន់ថា ចាប់តាំងពីចេញពីមណ្ឌលកុមារកំព្រា ឆ្លៀតពេលទំនេរលោកតែងតែទៅសួរសុខទុកអ្នកនៅទីនោះមិនដែរខានឡើយ ដើម្បីជាការដឹងគុណ និងមិនដែលភ្លេចពីប្រភពថា របស់ខ្លួនឯងមកពីណាឡើយ ខណៈបើគិតទៅ សម្រាប់លោកផ្ទាល់សឹងតែនឹកស្មានមិនដល់ ថាមានការងារល្អធ្វើ និងដើរមកចំណុចដូចបច្ចុប្បន្ននេះ។

យ៉ាងណាមិញ ងាកមកវិស័យភាពយន្តបច្ចុប្បន្ននេះ បន្ទាប់ពីសម្តែងរឿង «ដៃគូជីវិត» មានការគាំទ្រច្រើនពីទស្សនិកជនហើយនោះ ប្រុសខួច ក៏កំពុងត្រៀមថតរឿងខ្លីៗជាច្រើនទៀតផងដែរ។ តារាប្រុសរូបនេះ បានធ្វើការសំណូមពរដល់មហាជន ឲ្យចូលរួមគាំទ្រភាពយន្តខ្មែរឲ្យបានច្រើនទាំងអស់គ្នា។ លើសពីនេះ សម្រាប់យុវជនសូមជៀសឆ្ងាយពីគ្រឿងញៀន និងសូមឲ្យមានការតស៊ូក្នុងជីវិត កុំបោះបង់ក្តីសង្ឃឹម និងកុំអស់សង្ឃឹមក្នុងជីវិតឲ្យសោះ៕