(បរទេស)៖ នៅទីបំផុតទារិកាដែលមានទម្ងន់២៤៥ក្រាម ត្រូវដល់ពេលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីបានចំណាយពេលចំនួន ៥ខែ ដើម្បីទទួលការមើលថែពីក្រុមគ្រូពេទ្យ និង គិលានុដ្ឋាយិការ នៅមន្ទីរពេទ្យ Sharp Mary Birch របស់សហរដ្ឋអាមេរិក ហើយទារិកាម្នាក់នេះ ត្រូវបានគេចាត់ទយកថា ជាទារកតូចជាងគេបំផុត នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩។

មន្ទីរពេទ្យ Sharp Mary Birch បានចេញសេចក្ដីប្រកាសកាលពីថ្ងៃពុធសប្ដាហ៍មុនថា ទារក Saybie មានទម្ងន់ ២៤៥ ក្រាម (៨,៦អោន) អំឡុងពេលដែលកើតកាលពីខែ ធ្នូ ។ Saybie ត្រូវបានគេនិយាយថា មានទម្ងន់ធំជាងផ្លែប៉ោមពណ៌មាស (Golden Delicious apple) តែបន្តិចប៉ុណ្ណោះ ខណៈដែលផ្លែប៉ោមពណ៌មាស (Golden Delicious apple) មានទម្ងន់៧,៥ អោន។

យោងតាមរបាយការណ៍ទារក Tiniest Babies បានឲ្យដឹងថា Saybie ត្រូវបានគេជឿថា បានបំបែកឯតទគ្គកម្មសម្រាប់ទារក ដែលមានទម្ងន់តូចជាងគេបំផុតរបស់ពិភពលោក។ Saybie ដែលគេចាត់ទុកថាកើតមិនគ្រប់ខែ ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យថែទាំទារក រហូតដល់នាង ត្រូវបានគេបញ្ជូនទៅផ្ទះកាលពីចុងខែឧសភាកន្លងទៅ៕