(កូរ៉េ)៖ Jin ក្រុមតារាចម្រៀង BTS បានចូលរួមនៅក្នុងបញ្ជីតារាកូរ៉េនាំមុខគេ បន្ទាប់ពីការចូលរួមបរិច្ចាគថវិកា ទៅដល់មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ(UNICEF)។ មានតែបុគ្គលដែលបានបរិច្ចាគចាប់ពី ១០០លានវ៉ុន
(៨៣, ៨៣៦ដុល្លារ) ឡើងទៅតែប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យចូលរួមជាមួយ UNICEF(យូនីសេហ្វ)។

Jin បានចូលរួមបរិច្ចាគថវិកា ដែលមិនត្រូវបានបង្ហាញជាចំនួនលេខជារៀងរាល់ខែ ចាប់តាំងពីឧសភាឆ្នាំ ២០១៨ ហើយបានសម្រេចចិត្តបង្ហាញពីការចូលរួមបរិច្ចាគ ដោយសង្ឃឹមថាអាចបង្ហាញឲ្យអ្នកដទៃ ចូលរួមនៅក្នុងការបរិច្ចាគនេះផងដែរ។ អគ្គលេខាធិការរបស់អង្គការ UNICEF លោក Lee Ki Chul បានថ្លែងអំណរគុណដល់តារាចម្រៀង Jin សម្រាប់ការបរិច្ចាគដ៏មានន័យ។

លោកបាននិយាយថា «ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះJin ក្រុម BTS សម្រាប់ការបរិច្ចាគដ៏មានន័យរបស់លោក ដើម្បីជួយផ្តល់សារក្តីសង្ឃឹមដល់កុមារជុំវិញពិភពលោក ហើយនេះក៏ជាការបំផុសគំនិតដល់អ្នកដទៃផងដែរ។ យើងសង្ឃឹមថា ការបរិច្ចាគនេះនឹងជាឱកាសមួយ បង្ហាញពីការយកចិត្តទុកដាក់ទៅដល់កុមារជាច្រើន ក៏ដូចជាចូលរួមក្នុងការបរិច្ចាគផងដែរ»

តារាល្បីកូរ៉េដទៃទៀតដែលបានចូលរួមក្នុងការបរិច្ចាគនេះ ទៅកាន់អង្គការUNICEF រួមមាន អ្នកលេងជិះស្គីលើទឹកកក Kim Yuna តារាសម្តែង Ahn Sung Ki និង Won Bin និងនាយកប្រតិបត្តិក្រុមហ៊ុនជាច្រើននាក់ទៀត៕