(ភ្នំពេញ)៖ ដើម្បីជាការអបអរសាទរ ក្នុងឱកាសនៃការប្រារព្ធទិវាកុមារអន្តរជាតិ ខួបលើកទី៧០ឆ្នាំ ​(១មិថុនា)​ រោងភាពយន្តលេជេនរួមសហការ ជាមួយនឹងក្រុមហ៊ុនចែកចាយរឿង វេសថេច មីឌាលីមីធីត បានបើកឱកាសឲ្យកុមារកំព្រា និងកុមារពិការមកពីអង្គការមូលនិធិកុមារកម្ពុជា របស់លោកស្កុតនីសិន និងវអង្គការគ្រួសារថ្មី ចំនួនជាង ៤០០នាក់ មកទស្សនារឿង បូននីប៊ែរ (Boonie Bear) ដោយឥតគិតថ្លៃ។ ការចាក់បញ្ចាំងរឿងនេះបានធ្វើឡើង នៅរោងភាពយន្តលេជេនសាខា ស៊ីធីម៉ល នៅព្រឹកថ្ងៃទី១ មិថុនា ២០១៩ នេះ។

ក្រៅពីការបញ្ចាំងរឿងនេះ រោងភាពយន្តលេជេនបានរៀបចំជាពោតលីង ទឹកតែហ្វុសធី (Fuse Tea) ដែលជាការឧបត្ថម្ភ ដោយក្រុមហ៊ុនកូកាកូឡាកម្ពុជា ក៏ដូចជាសម្ភារៈមួយចំនួន ពីក្រុមហ៊ុនប្រព័ន្ធទូរសព្ទស្មាតជូនដល់ប្អូនៗកុមារកំព្រា និងប្អូនៗពិការ ទាំងអស់ផងដែរ។

គួរបញ្ជាក់​ថា ការបញ្ចាំងរឿងសប្បុរសធម៌នេះ គឺតែងតែធ្វើឡើងជាញឹកញាប់ ដោយរោងភាពយន្តលេជេន សង្ឃឹមថា នេះជាការចូលរួមចំណែក ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារ ក្នុងប្រទេសកម្ពុជា៕